វៀតណាម និងឡាវ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) - នារសៀលថ្ងៃទី ១០ មេសា នៅទីក្រុងវៀងចន្ទន៍ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandon និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (រូបថត៖ Thong Nhat/TTXVN) |
ក្នុងជំនួបរវាងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandon ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ផ្តោតសំខាន់លើការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការ រវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវក្នុងឆ្នាំ ២០២៣ កិច្ចព្រមព្រៀងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ក្នុងដំណាក់កាល ២០២១ - ២០៣០ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងឡាវក្នុងដំណាក់កាល ២០២១ - ២០២៥; យល់ព្រមបន្តរក្សាដំណើរទស្សនកិច្ច និងទំនាក់ទំនងនៅគ្រប់កម្រិត; ពង្រឹងការផ្លាស់ប្តូរ និងការសម្របសម្រួលលើបញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងសន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ទន្ទឹមនឹងនេះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល។
ទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជួយ ឡាវអនុវត្តសកម្មភាពកិច្ចការបរទេសសំខាន់ៗនាពេលខាងមុខប្រកប ដោយជោគជ័យ ក្នុងនោះមានកិច្ចប្រជុំកំពូលនៃរដ្ឋសភារបស់ប្រទេសទាំង ៣ កម្ពុជា-ឡាវ-វៀតណាម ជាលើកដំបូង (គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ) និងទទួលជោគជ័យក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) នៅឆ្នាំក្រោយ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាតំបន់ និងអន្តរជាតិ៕