វៀតណាម និងឡាវ មានចំណងសាមគ្គីភាពពិសេស មិត្តភាពមហិមា និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (៥ កញ្ញា ១៩៦២-៥ កញ្ញា ២០២២) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ឡាវ។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung។ (រូបថត៖ VOV) |
ឯកអគ្គរដ្ឋទូត Nguyen Ba Hung បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - ឡាវ និងឡាវ - វៀតណាមពិតជាទំនាក់ទំនងពិសេស និងតែមួយគត់ ក្នុងទំនាក់ទំនងអន្តរជាតិនៃពិភពលោកនាបច្ចុប្បន្ន។
“ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ប្រជាជនឡាវ និងប្រជាជនវៀតណាម តែងតែរួមរស់ជាមួយគ្នាដោយសុខសន្តិភាព និងបានជួយគ្នាទៅវិញទៅមកជាច្រើនលើកច្រើនសារ ចាប់តាំងពីពេលនោះមក បានបង្កើតឡើងទំនាក់ទំនងធម្មជាតិ រវាងប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរគឺពិសេសណាស់ ដោយឈរលើមូលដ្ឋាននៃការជួយគ្នាទៅវិញទៅមកដ៏សុចរិត ស្មោះត្រង់ និងមិនប្រែប្រួលទៅតាមមនោគមវិជ្ជានៃប្រទេសធំ ឬតូច ឬកេងចំណេញនោះឡើយ ដោយបានគោរពគ្នាទៅវិញទៅមក មានទំនាក់ទំនងស្មើភាពគ្នាទៅវិញទៅមក នេះជាលក្ខណៈដ៏សំខាន់ណាស់ ហើយសមស្របនឹងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិទាំងស្រុង។ យើងតែងតែរក្សានូវសាមគ្គីភាពពិសេស មិត្តភាពមហិមារ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ បើទោះបីជាពិភពលោក និងតំបន់មានការប្រែប្រួលដ៏ស្មុគស្មាញជាច្រើនក៏ដោយ។”
ឆ្នាំនេះ ប្រទេសទាំងពីរបានរួមគ្នាប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។ ឯកអគ្គរដ្ឋទូត Nguyen Ba Hung បានចាត់ទុកថា នេះគឺជាបង្គោលប្រវត្តិសាស្ត្រ ដែលប្រទេសទាំងពីរជ្រើសរើស ដើម្បីប្រារព្ធសកម្មភាពរួមគ្នា។ ការយកឆ្នាំ ២០២២ ជាឆ្នាំសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរបានបញ្ជូនសារដ៏សំខាន់មួយ ដែលបង្ហាញពីអត្ថន័យស្លាប់រស់ នៃទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាម វៀតណាម និងឡាវ៕