វៀតណាម ឡាវ ថៃ និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) - ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់។
នាថ្ងៃទី៣ ខែកក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន; ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith: ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ Don Pramudwinai។
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន (រូបថត៖ Nguyen Hong) |
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់; បន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ អប់រំ-បណ្តុះបណ្តាល...; បន្តសម្របសម្រួលក្នុងការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ដែលនៅសេសសល់ក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២”។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith (រូបថត៖ Nguyen Hong) |
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបម្រើឱ្យបានល្អនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ; បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ...; សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ ដែលក្នុងនោះ សកម្មភាពសំខាន់ៗគឺការប្រារព្ធពិធីអបអរសាទរ នៅរដ្ឋធានីនៃប្រទេសទាំងពីរនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក Don Pramudwinai (រូបថត៖ Nguyen Hong) |
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើភាគីទាំងពីរសម្របសម្រួលក្នុងការរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្នាំ ២០២៣; ជំរុញកំណើនពាណិជ្ជកម្មក្នុងទិសដៅសមតុល្យ ផលប្រយោជន៍ទៅវិញទៅមក សម្រេចឲ្យបានឆាប់ៗ គោលដៅពាណិជ្ជកម្មទ្វេភាគី ២៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងអនុវត្តន៍យន្តការសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ថៃលើកទី៩ ហើយក្នុងពេលឆាប់ៗនេះ ស្តារជើងហោះហើរពាណិជ្ជកម្ម ក៏ដូចជាបើកផ្លូវហោះហើរថ្មី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕