វៀតណាម - អ៊ីតាលី ផ្លាស់ប្តូរវិធានការដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី
(VOVWORLD) - នារសៀលថ្ងៃទី ១៩ ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី លោក Luigi Di Maio ដើម្បីពិភាក្សាលើវិធានការនានាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូជាបង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីរវាងប្រទេសទាំងពីរផងដែរ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh |
នៅក្នុងការសន្ទនានេះ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់វៀតណាម ក្នុងការឆ្លើយតប នឹងជំងឺរាតត្បាត COVID-19 និងបានថ្លែងអំណរគុណចំពោះជំនួយដ៏មានតម្លៃ ដែលរដ្ឋាភិ បាលនិងប្រជាជនវៀតណាម បានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន អ៊ីតាលីក្នុងគ្រាលំបាក ដោយចាត់ទុកថា នេះជាកាយវិការសម្តែងពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយនិងឯកភាពគ្នាជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ ខណៈពេលដែលស្ថានភាពជំងឺវិលត្រឡប់មកធម្មតាវិញ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាព បង្កើនរាល់យន្តការពិគ្រោះយោបល់និងសម្របសម្រួលទំនាក់ទំនងដើម្បីដឹកនាំការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម - អ៊ីតាលី ក្នុងដំណាក់កាលថ្មី។ ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិនិងជំរុញទំនាក់ទំនងរវាងអាស៊ាននិងអ៊ីតាលីក្នុងឆ្នាំដែល វៀតណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ផងដែរ៕