វៀតណាម អាមេរិក ឆ្ពោះទៅអបអរសាទរខួបលើកទី ១០ នៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ
(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman នៅថ្ងៃទី ៣០ មីនា បានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc។
កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc បានចូលរួមកិច្ចសន្ទនានយោបាយ សន្តិសុខ និងការពារជាតិវៀតណាម-អាមេរិក នៅទីក្រុង Washington D.C សហរដ្ឋអាមេរិក។ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើរបៀបឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយបើកចំហ សុវត្ថិភាព វិបុលភាព និងស្អិតរមួត។ វៀតណាមនិងអាមេរិកបានបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១៣។
បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយមក ទំនាក់ទំនងវៀតណាម-អាមេរិកបានអភិវឌ្ឍយ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់កម្រិតទាំងបីគឺ ទ្វេភាគី តំបន់ និងអន្តរជាតិ។ ជាច្រើនលើកច្រើនសារ មន្ត្រីនៃប្រទេសទាំងពីរបានលើកឡើងពីលទ្ធភាពនៃការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៣នេះ៕