វៀតណាម - អាហ្វ្រិកខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីលោក Cao Quoc Hung បានស្នើអោយភាគីអាហ្រ្វិកខាងត្បូង បង្កលក្ខណៈងាយស្រួលនិងជួយឧបត្ថម្ភវៀតណាម ក្នុងការជំរុញការដាក់បញ្ចូលផលិតផលកសិកម្មនិងជលផលចូលក្នុងបណ្តាញផ្សារទំនើបពហុជាតិ (ដូចជា Makro, Metro, Woolworth … ) និងប្រព័ន្ធផ្សារទំនើបក្នុងស្រុក (ដូចជា Spar, Checkers, Supespa ... ) របស់អាហ្វ្រិកខាងត្បូងផងដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
នាព្រឹកថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានបើកសម័យប្រជុំលើកទី ៤ នៃអនុគណៈកម្មាធិការពាណិជ្ជកម្មចម្រុះវៀតណាម - អាហ្វ្រិកខាងត្បូង ដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung និងអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអាហ្វ្រិកខាងត្បូង Fikile Majola ធ្វើជាសហប្រធាន ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ថ្លែងនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីលោក Cao Quoc Hung បានស្នើអោយភាគីអាហ្រ្វិកខាងត្បូង បង្កលក្ខណៈងាយស្រួលនិងជួយឧបត្ថម្ភវៀតណាម ក្នុងការជំរុញការដាក់បញ្ចូលផលិតផលកសិកម្មនិងជលផលចូលក្នុងបណ្តាញផ្សារទំនើបពហុជាតិ (ដូចជា Makro, Metro, Woolworth … ) និងប្រព័ន្ធផ្សារទំនើបក្នុងស្រុក (ដូចជា Spar, Checkers, Supespa ... ) របស់អាហ្វ្រិកខាងត្បូងផងដែរ។ លោកអនុរដ្ឋមន្រ្តីមានបំណងថា នាពេលខាងមុខ អាហ្រ្វិកខាងត្បូងនឹងបើកទូលាយទីផ្សារសម្រាប់កសិផលដែលវៀតណាមចង់ណែនាំដល់ទីផ្សារអាហ្រ្វិកខាងត្បូង ដែលដំបូងបង្អស់គឺផលិតផលសាច់មាន់កែច្នៃ ទឹកឃ្មុំនិងទឹកដោះគោ បន្ទាប់មកគឺផលិតផលផ្លែឈើ ដូចជាផ្លែស្រកានាគ ផ្លែមៀន ផ្លែសៅមៅ និងផ្លែទឹកដោះជាដើម។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអាហ្វ្រិកខាងត្បូង Fikile Majola បានអះអាងថា អាហ្វ្រិកខាងត្បូងចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍និងស្នើឱ្យភាគីទាំងពីរ បន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តវិធានការនានាដើម្បីជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ ក្រៅពីនេះ អាហ្រ្វិកខាងត្បូងក៏បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន ចង់អោយវៀតណាម បង្កលក្ខណៈងាយស្រួល បើកទូលាយទីផ្សារសម្រាប់ផលិតផលកសិកម្មមួយចំនួនរបស់អាហ្រ្វិកខាងត្បូង ដូចជាសាច់មាន់ និងត្រៀមខ្លួនជាស្រេចសហការដើម្បីផ្តល់ធ្យូងថ្មសមរម្យ ដើម្បីធ្វើជាវត្ថុធាតុដើម សម្រាប់បម្រើរោងចក្រផលិតផលថាមពលនៅវៀតណាម៕