វៀតណាម-កាណាដាបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យបម្រែបម្រួលអាកាសធាតុ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Shawn Steil បានឲ្យដឹងថា ឆ្នាំ២០២៣ ប្រទេសទាំងពីរប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត ហើយជាឆ្នាំមានសារសំខាន់ពិសេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសលើវិស័យបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោក Shawn Steil |
កាលពីម្សិលមិញ (ថ្ងៃទី ២២ សីហា) នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Dang Quoc Khanh បានជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោក Shawn Steil ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ និងខ្លឹមសារពាក់ព័ន្ធមួយចំនួនទៀត។
លោករដ្ឋមន្ត្រី Dang Quoc Khanh បានឲ្យដឹងថាការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុគឺជាអាទិភាពចម្បងរបស់វៀតណាម។ លោកបានសង្កត់ធ្ងន់ថា ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់គឺជាទំនួលខុសត្រូវផង និងជាឱកាសផង សម្រាប់វៀតណាមក្នុងការផ្លាស់ប្តូរគំរូកំណើន លើកកំពស់សមត្ថភាពប្រកួតប្រជែងនៃវិស័យសេដ្ឋកិច្ច។ លោករដ្ឋមន្ត្រី Dang Quoc Khanh មានបំណងថា លោកឯកអគ្គរដ្ឋទូត Shawn Steil បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាណាដាលើវិស័យបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។ លោកបានស្នើឱ្យកាណាដាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធាន និងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានាដើម្បីជួយវៀតណាមអនុវត្តន៍សេចក្តីថ្លែងការណ៍នយោបាយ បង្កើតទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលប្រកបដោយប្រសិទ្ធភាព និងសមភាព (JETP) អនុវត្តន៍ការប្តេជ្ញាចិត្តបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០២៥។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Shawn Steil បានឲ្យដឹងថា ឆ្នាំ២០២៣ ប្រទេសទាំងពីរប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត ហើយជាឆ្នាំមានសារសំខាន់ពិសេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសលើវិស័យបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញកាណាដាតែងតែផ្តល់អាទិភាព រួមដំណើរ និងគាំទ្រវៀតណាមក្នុងដំណើការផ្លាស់ប្ដូរទៅសេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕