វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត

(VOVWORLD) -  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូ។

វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត - ảnh 1កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ឆ្លុះបញ្ចាំងពីសាមគ្គី ភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ (រូបថត៖ VGP) 

ក្នុងជំនួបទ្វេភាគីតាមប្រព័ន្ធវីដេអូនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្ដីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបន្តគាំទ្រដល់ប្រទេសវៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ ទន្ទឹមនឹងនេះ លោកមានជំនឿថា ប្រទេសវៀតណាមនឹងបន្តគ្រប់គ្រងបានល្អជំងឺរាតត្បាត រាប់បញ្ចូលទាំងស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឡើងវិញ ដើម្បីឈានដល់ការរៀបចំប្រកបដោយជោគជ័យមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម។

វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត - ảnh 2សម្តេចតេជោ ហ៊ុន សែន មានជំនឿថា ប្រទេសវៀតណាមនឹងបន្តគ្រប់គ្រងបានល្អជំងឺរាតត្បាត រាប់បញ្ចូលទាំងស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឡើងវិញផង (រូបថត៖  VGP)

នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាសម្របសម្រួលនិងពង្រឹងវិធានការដើម្បីការពារនិងបង្ការជំងឺរាតត្បាត ក៏ដូចជាការដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗ ក្នុងស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងពហុភាគី ដូចជា អនុតំបន់មេគង្គ អាស៊ាន និងអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ