វៀតណាម-កូរ៉េខាងត្បូង លើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នារសៀលថ្ងៃនេះ (ថ្ងៃទី៥ ខែធ្នូ) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតី Yoon Suk-yeol បានជួបជាមួយសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សា។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

វៀតណាម-កូរ៉េខាងត្បូង លើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1ថ្នាក់ដឹកនាំទាំងពីរនៅក្នុងសន្និសីទកាសែត (រូបថត៖ Vu Dung/VOV)

ថ្លែងមតិក្នុងសន្និសីទកាសែត ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់មួយ លោកប្រធានាធិបតី និងខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្រេចចិត្តលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ខ្ញុំមានទំនុកចិត្តថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នឹងនាំទំនាក់ទំនងនៃប្រទេសទាំងពីរទៅកាន់ទំព័រថ្មីមួយ អភិវឌ្ឍយ៉ាងខ្លាំងក្លាទៅកាន់កម្ពស់ថ្មីមួយ ដើម្បីជាប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ក្នុងនាមថ្នាក់ដឹកនាំវៀតណាម ខ្ញុំសូមគោរពអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចនៅវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

វៀតណាម-កូរ៉េខាងត្បូង លើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាននិយាយដោយសប្បាយរីករាយថា លោកមានកិច្ចពិភាក្សាប្រកបដោយជោគជ័យជាមួយប្រធានាធិបតី Yoon Suk Yeol (រូបថត៖ Vu Dung/VOV)

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងនូវភារកិច្ចសំខាន់ៗមួយចំនួន ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ។ ទាក់ ទងនឹងនយោបាយ-កិច្ចការបរទេស បន្តរក្សាការផ្លាស់ប្តូរ ទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ និងក្នុងទម្រង់ផ្សេងៗ ដោយភាពបត់បែន ចែករំលែក និងសម្របសម្រួលភ្លាមៗ នូវគំនិតស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ថានភាពតំបន់ និងអន្តរជាតិ។ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងការវិនិយោគ ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីអំពីគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និងឆ្ពោះទៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការការងារ ពង្រីកវិស័យ និងទម្រង់ថ្មីនៃកិច្ច សហប្រតិបត្តិការការងារ; បន្តជួយឧបត្ថម្ភពលករវៀតណាមនៅកូរ៉េខាងត្បូង និងជនកូរ៉េខាងត្បូងនៅវៀតណាម ធ្វើការប្រកបដោយសុវត្ថិភាព និងងាយស្រួល ទន្ទឹមនឹងនោះ ត្រូវគោរពតាមច្បាប់នៃប្រទេសទាំងពីរ។ លើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន លោកប្រធានរដ្ឋបានអះអាងថា វៀតណាមបានឯកភាពជំរុញការពង្រីកការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ ព្រមទាំងបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងវណ្ណៈសង្គម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋគ្នាទៅវិញទៅមក  បច្ចុប្បន្នមានជនជាតិវៀតណាមនៅកូរ៉េខាងត្បូងមានប្រហែល ២៥ ម៉ឺននាក់ និងជនជាតិកូរ៉េខាងត្បូង ២០ ម៉ឺននាក់នៅវៀតណាម។

រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yooon Suk-yeol បាននិយាយថា កូរ៉េខាងត្បូងមានបំណងសហការជាមួយវៀតណាមក្នុងវិស័យបច្ចេកវិជ្ជាជឿនលឿនតាម រយៈខ្សែសង្វាក់ផ្គត់ផ្គង់ស្ថិរភាព។ ទន្ទឹមនឹងនោះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យហិរញ្ញវត្ថុ ព័ត៌មាន ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ កូរ៉េខាងត្បូងនឹងពិចារណាលើផែនការគាំទ្រការសាងសង់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ