វៀត​ណាម​គឺ​ជា​ចំណុចស្នូលក្នុងគោល​នយោបាយ​របស់​អូស្ត្រាលី​ចំពោះ​អាស៊ី​អាគ្នេយ៍

(VOVWORLD) - ការផ្លាស់ប្តូរថាមពល និងការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងក្លាយជាសសរស្តម្ភបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលី នៅពេលដែលប្រទេសទាំងពីរឈានទៅលើកកំពស់ទំនាក់ទំនងទ្វេភាគីឱ្យមានភាពល្អប្រសើរទៅជាទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

  នាថ្ងៃទី ៣ មិថុនា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែមិថុនា។ សាធារណៈមតិអូស្ត្រាលីបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបង្ហាញថា អូស្ត្រាលីយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមបន្ថែមទៀត។

ក្នុងសេចក្តីប្រកាសអំពីដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Albanese បានអះអាងថា “វៀតណាមកំពុងក្លាយទៅជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសំខាន់កាន់តែខ្លាំងសម្រាប់អូស្ត្រាលី” នៅអាស៊ីអាគ្នេយ៍ ហើយដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងឯកភាពគ្នាលើវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំនាពេលខាងមុខ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានចាត់ទុកថា ការផ្លាស់ប្តូរថាមពល និងការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងក្លាយជាសសរស្តម្ភបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលី នៅពេលដែលប្រទេសទាំងពីរឈានទៅលើកកំពស់ទំនាក់ទំនងទ្វេភាគីឱ្យមានភាពល្អប្រសើរទៅជាទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ក្រៅពីវិស័យសហប្រតិបត្តិការដ៏សំខាន់ៗចំនួន ៣ នាពេលបច្ចុប្បន្នគឺសេដ្ឋកិច្ច; ចំណេះដឹងនិងការច្នៃប្រឌិត; យុទ្ធសាស្ត្រ និងការការពារ។ ឯកអគ្គរដ្ឋទូត Andrew Goledzinowski បានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា ដំណើរទស្សនកិច្ចលើកនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនេះមិនត្រឹមតែជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការក្រឡេកមើលអតីតកាល ៥០ ឆ្នាំកន្លងទៅ និងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរយៈពេល ៥០ ឆ្នាំខាងមុខទៀតនោះទេ  ថែមទាំងជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Albanese ចាប់តាំងពីពេលលោកឡើងកាន់តំណែងកាលពីមួយឆ្នាំមុន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាស៊ីអាគ្នេយ៍ ជាពិសេសគឺវៀតណាម។ ដូច្នេះហើយ ខ្ញុំគិតថា ក្នុងដំណើរទស្សនៈកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងពិភាក្សា និងពិចារណាលើគ្រប់វិស័យដែលយើងបាននិងកំពុងធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។ ខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំក៏នឹងពិភាក្សាអំពីឱកាសដើម្បីលើកកំពស់ទំនាក់ទំនងវៀតណាម - អូស្ត្រាលីដល់កម្រិតថ្មីផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ