វៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី
(VOVWORLD) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នៅឧបទ្វីបកូរ៉េ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអញ្ជើញថ្លែងមតិ |
មហាសន្និបាតអង្គការសហប្រជាជាតិក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៨ និងថ្ងៃទី ១០ មិថុនា បានពិភាក្សាអំពីសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការបង្កើនទណ្ឌកម្មទៅលើ ស.ប.ប កូរ៉េ ដែលត្រូវបានវេតូកាលពីថ្ងៃទី ២៦ ខែឧសភាកន្លងទៅ។ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្ររាល់ការខិតខំប្រឹងប្រែងសំដៅលុបបំបាត់ និងប្រឆាំងការរីកសាយភាយនុយក្លេអ៊ែរ ក៏ដូចជាការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន ធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នៅឧបទ្វីបកូរ៉េ ព្រមទាំងសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍនាពេលថ្មីៗនេះដែលអាចបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមមិនគាំទ្រសកម្មភាពដែលអាចបង្កើនភាពតានតឹង ប៉ះពាល់អវិជ្ជមានដល់សន្តិភាព សន្តិសុខតំបន់។
ក្នុងឱកាសនេះ វៀតណាមបន្តអំពាវនាវដល់សហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភមនុស្សធម៌ដល់ ស.ប.ប កូរ៉េក្នុងបរិបទ ដែលប្រទេសនេះកំពុងប្រឈមនឹងការលំបាក បណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបញ្ហាមនុស្សធម៌ផ្សេងៗទៀតផងដែរ៕