វៀតណាមគោរពតួនាទីរបស់ EU ដែលជាដៃគូដ៏សំខាន់បំផុតមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយអនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC) លោក Frans Timmermans ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា វៀតណាមគោរពតួនាទីរបស់សហភាពអឺរុប (EU) ដែលជាដៃគូដ៏សំខាន់បំផុតមួយក្នុងគោនយោបាយកិច្ចការបរទេសរបស់វៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបអនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC) លោក Frans Timmermans (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីបានសម្ដែងក្ដីសប្បាយរីករាយអំពីជំហានអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - EU នារយៈពេលកន្លងទៅ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសំណើរថា ក្នុងឆ្នាំ ២០២២ ភាគីទាំងពីរបន្តបើកកិច្ចប្រជុំផ្ទាល់ស្ដីពីយន្តការសហប្រតិបត្តិការ និងសន្ទនា; EU បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមចូលមកទីផ្សារអឺរ៉ុប; ពិចារណាដកកាតលឿងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ចំពោះជលផលរបស់វៀតណាម និងគាំទ្រការជំរុញឲ្យបណ្ដាប្រទេសសមាជិក EU ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ឲ្យបានឆាប់ៗ។
ជាការឆ្លើយតប អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប លោក Frans Timmermans បានសម្ដែងការចាប់អារម្មណ៍ចំពោះការសន្យាយ៉ាងខ្លាំងក្លារបស់វៀតណាម រួមចំណែកដ៏សំខាន់ទៅក្នុងជោគជ័យរួមនៃសន្និសីទអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិលើកទី ២៦ (COP26)។ លោកបានអះអាងថា EU មានគោលបំណងចង់រួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភច្ចេកទេស និងកៀរគរប្រភពធនធាន បង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាជួយវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់ការសន្យានៅ COP26 ផងដែរ៕