វៀតណាមចង់ធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យវិសាខបូជាអន្តរជាតិម្តងទៀត

(VOVWORLD) - ពិធីអបអរសាទរទិវាវិសាខបូជាអន្តរជាតិ បានប្រារព្ធឡើងយ៉ាងឱឡារិកនាថ្ងៃទី២០ ខែឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 
វៀតណាមចង់ធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យវិសាខបូជាអន្តរជាតិម្តងទៀត - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ថ្លែងមតិក្នុងពិធី (រូបថត៖ VOV-អាមេរិក)

អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកកសាងពិភពលោកមួយប្រកបដោយយុត្តិធម៌ សមភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ គុណតម្លៃព្រះពុទ្ធសាសនាដូចជាការប្រតិបត្តិសតិសម្បជញ្ញៈ មេត្តា ករុណា មុទិតា ឧបេក្ខា និងការយកចិត្តទុកដាក់លើមនុស្សទាំងអស់ នឹងក្លាយជាកត្តាវិជ្ជមាន។ ក្នុងស្មារតីនោះ កិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខ នឹងក្លាយជាឱកាសសម្រាប់ សហគមន៍អន្តរជាតិដើម្បីអនុវត្តគុណតម្លៃដ៏ជ្រាលជ្រៅ នៃព្រះពុទ្ធសាសនា ដើម្បីលើកកម្ពស់វិធីសាស្រ្តដ៏ទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមសកលបច្ចុប្បន្ន។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្តែងគោលបំណងរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះ នៃពិធីបុណ្យវិសាខបូជាអន្តរជាតិម្តងទៀត។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ព្រះពុទ្ធសាសនាគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃវប្បធម៌ និងស្មារតីរបស់វៀតណាមក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃ ទស្សនៈ និងរបៀបរស់នៅរបស់ប្រជាជន វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ