វៀតណាមចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ជួរមុខនិងយូរអង្វែង
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយសមាជិករដ្ឋសភា ប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP - គណបក្សកាន់អំណាចនៅជប៉ុន) លោក Hagiuda Koichi ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Hagiuda Koichi ប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយ LDP (រូបថត៖ VGP/Nhat Bac) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខ និងយូរអង្វែង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត; ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ; ជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា គាំទ្រសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល; ពិចារណាបើកទីផ្សារសម្រាប់ផ្លែឈើវៀតណាម ជាដើម។
រីឯខ្លួនវិញ លោក Hagiuda Koichi បានអះអាងថា ជប៉ុនមានបំណងចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយវៀតណាម-ជប៉ុនឡើងដល់កម្ពស់ថ្មីមួយ។ ជប៉ុននឹងគាំទ្រសហគ្រាសវៀតណាម ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល; ជំរុញសហគ្រាសជប៉ុនបន្តពង្រីកការវិនិយោគនៅវៀតណាម; អនុវត្តការប្តេជ្ញាចិត្តគាំទ្រជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់វៀតណាម; គាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ក្នុងនោះ ជប៉ុនគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត; រក្សាសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។
នារសៀលថ្ងៃនេះផងដែរ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Shiota Koichi អភិបាលខេត្ត Kagoshima ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកអភិបាលខេត្ត និងអាជ្ញាធរខេត្ត Kagoshima លើកទឹកចិត្តសហគ្រាសខេត្ត មកបណ្តាក់ទុនកាន់តែច្រើននៅវៀតណាមលើវិស័យដែលជាប្រៀបខ្លាំងរបស់ខេត្ត ដូចជារថយន្ត គ្រឿងអេឡិចត្រូនិក កសិកម្ម និងកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មឧបត្ថម្ភ។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឲ្យរដ្ឋាភិបាលខេត្ត Kagoshima បន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការក្នុងខេត្ត; គាំទ្រ និងរៀបចំសកម្មភាពតភ្ជាប់សហគមន៍វៀតណាម និងប្រជាជន Kagoshima … តាមនោះ បង្កើនការជឿទុកចិត្តគ្នា និងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។
ចំណែកខ្លួនវិញ អភិបាលខេត្ត Kagoshima លោក Shiota Koichi បានមានប្រសាសន៍ថា ខេត្ត Kagoshima នឹងបន្តទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យឧស្សាហកម្មផលិតកម្ម កសិកម្ម កែច្នៃអាហារសមុទ្រ និងទេសចរណ៍; ទទួលនិស្សិតនិងអ្នកហាត់ការមកសិក្សា និងមានបំណងបើកជើងហោះហើរត្រង់ពីខេត្ត Kagoshima មកវៀតណាម។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនេះ លោកអភិបាលខេត្តបានទៅទស្សនាខេត្ត Hai Duong ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយបណ្ឌិត្យសភាកសិកម្មវៀតណាម និងជួបធ្វើការជាមួយសហគ្រាសធំៗ របស់ជប៉ុនមួយចំនួន ដូចជាផ្សារទំនើប Aeon Mall Akuruhi...៕