វៀតណាមចូលរួម "កិច្ចប្រជុំកំពូលសកលលោក Gujarat ពោរពេញ​ទៅដោយ​កម្លាំង​រស់​លើកទី ១០" នៅឥណ្ឌា

(VOVWORLD) - វៀតណាមមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌានិយាយរួម និងរដ្ឋ Gujarat និយាយដោយឡែក លើវិស័យដែលឥណ្ឌាមានប្រៀបខ្លាំង។
វៀតណាមចូលរួម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំ។ រូបថត៖ baoquocte.vn

នាថ្ងៃទី ១០ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលសកល Gujarat ពោរពេញទៅដោយកម្លាំងរស់លើកទី១០” ដែលបានប្រព្រឹត្តទៅនៅរដ្ឋ Gujarat ឥណ្ឌា។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់លើខ្លឹមសារដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងទីក្រុងឆ្លាតវៃ សុទ្ធតែជាវិស័យអាទិភាពក្នុងដំណើការអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ព្រមទាំងចែករំលែកអំពីយុទ្ធសាស្ត្រ និងផែនការរយៈពេលវែងរបស់វៀតណាមក្នុងវិស័យទាំងនេះ។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា វៀតណាមមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌានិយាយរួម និងរដ្ឋ Gujarat និយាយដោយឡែក លើវិស័យដែលឥណ្ឌាមានប្រៀបខ្លាំង ហើយសមស្របនឹងអាទិភាពអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានវិស័យដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដល់សម្ព័ន្ធក្រុមហ៊ុនធំៗរបស់ឥណ្ឌាបង្កើនការវិនិយោគ និងសហប្រតិបត្តិការយ៉ាងយូរអង្វែងជាមួយវៀតណាម។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ នាថ្ងៃទី ១០ មករា អញ្ជើញថ្លែងក្នុងជំនួបជាមួយប្រធានាធិបតីម៉ូសំប៊ិកលោក Filipe Jacinto Nyusi ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយម៉ូសំប៊ិក ហើយស្នើឲ្យម៉ូសំប៊ិកបង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាមនាំចូលធ្យូងថ្មរយៈពេលវែង;ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ជលផល និងភាពជាដៃគូឌីជីថល និងគាំទ្រក្រុមហ៊ុន Movitel ចូលរួមក្នុងគម្រោងផ្លាស់ប្តូរឌីជីថលរបស់គណបក្ស Frelimo រដ្ឋាភិបាល និងរដ្ឋសភាម៉ូសំប៊ិក។ លោកប្រធានាធិបតី Filipe Jacinto Nyusi បានឲ្យដឹងថា លោកនឹងរៀបចំដំណើរ ទស្សនកិច្ចផ្លូវការទៅកាន់វៀតណាមនាពេលឆាប់ៗក្នុងឆ្នាំនេះ ព្រមទាំងអះអាងថា នឹងដឹកនាំស្ថាប័នមានសមត្ថកិច្ចរបស់ម៉ូសំប៊ិកសហការគ្នា និងស្នើឲ្យសហគ្រាសវៀតណាមមកវិនិយោគ ធ្វើអាជីវកម្ម និងកែច្នៃរ៉ែនៅម៉ូសំប៊ិក ដើម្បីនាំចេញមកវៀតណាម។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឆែក Petr Fiala ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានស្នើឲ្យសាធារណរដ្ឋឆែកបន្តជំរុញបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាង EU និងវៀតណាម (EVIPA) ឲ្យបានឆាប់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងសហប្រតិបត្តិការសមភាព ហើយមានផលប្រយោជន៍ដូចគ្នារវាងសហគ្រាសនៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Petr Fiala បានស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងជំរុញការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ