វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃចលនាមិនចូលបក្សសម្ព័ន្ធ
(VOVWORLD) - នាថ្ងៃទី ២៣ ខែតុលា នៅរដ្ឋធានី Baku កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធ ត្រូវបានបើកក្រោមអធិបតីភាពរបស់ លោក Elmar Mammadyarov រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖ vtv.vn) |
កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ក៏ដូចជាសម្រេចការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធលើកទី ១៨ ។ ក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Quoc Dung បានអះអាងថាចលនាមិនចូលបក្សសម្ព័ន្ធដែលមានប្រទេសសមាជិកចំនួន ១២០ ដែលជាកម្លាំងនយោបាយដ៏សំខាន់ និងសំលេងយ៉ាងខ្លាំងក្លាមួយ ក្នុងការការពារផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកក៏សង្កត់ធ្ងន់ថា ចលនានេះគប្បីបង្កើនចំណងសាមគ្គីភាព និងមូលដ្ឋានគ្រឹះសំខាន់ៗផ្សេងទៀត ដើម្បីជួយឲ្យចលនានេះបន្តជាក្បាលម៉ាស៊ីនក្នុងការលើកកម្ពស់នូវពុហភាគីនិយម និងលើក តម្កើងការគោរពច្បាប់អន្តរជាតិផងដែរ។
លោក Nguyen Quoc Dung បានអះអាងថារួមជាមួយបណ្តាប្រទេសជាសមាជិកក្នុងអាស៊ាន វៀតណាមខិតខំកប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍មួយ ប្រកបដោយសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍ ។ ក៏ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ជាពិសេសគឺការរំលោភបំពានលើសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការលើដែនសមុទ្ររបស់ វៀតណាម ដែលបានកំណត់តាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ ក្នុងបរិបទនោះ វៀតណាមបានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធនានាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការរក្សាសុខសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ផងដែរ៕