វៀតណាមចូលរួមកិច្ចពិភាក្សាស្តីពីការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្តោតលើការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កងកម្លាំងរក្សាសន្តិភាព ជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការ និងធានាប្រភពធនធានសម្រាប់ស្ថានបេសកកម្មនានា។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអញ្ជើញថ្លែងមតិ |
កាលពីថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ "ពិនិត្យមើលបញ្ហារក្សាសន្តិភាពក្រោមគ្រប់ទិដ្ឋភាព" នៃគណៈកម្មាធិការនយោបាយពិសេស និងការរំសាយអាណានិគម (គណៈកម្មាធិការទី៤) នៃអង្គការសហប្រជាជាតិនីតិកាលទី ៧៧ នោះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្តជាឧបករណ៍ដ៏សំខាន់ និងប្រកបដោយប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ដើម្បីអនុវត្តន៍រាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្តោតលើការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កងកម្លាំងរក្សាសន្តិភាព ជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការ និងធានាប្រភពធនធានសម្រាប់ស្ថានបេសកកម្មនានា។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានលើកឡើងអាទិភាពរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាព និងធ្វើបច្ចុប្បន្នភាពសកម្មភាព និងការរួមវិភាគទានថ្មីៗបំផុតរបស់វៀតណាមនៅតាមស្ថានបេសកកម្មប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង ក្នុងនោះយុទ្ធនារីស្រូបយក ២០% ពោលគឺខ្ពស់ជាងកំរិតមធ្យម និងគោលដៅអំពីយេនឌ័ររបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិក្នុងវិស័យសំខាន់នេះផងដែរ៕