វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែមិថុនា កិច្ចសន្ទនាសន្តិសុខការពារជាតិ Shangri-La លើកទី ២០ (SLD20) នៅប្រទេសសិង្ហបុរី រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IISS) បានបើកជាផ្លូវការដោយមានការចូលរួមពីប្រតិភូជាង ៥៥០ នាក់ ដែលជាថ្នាក់ដឹកនាំការពារជាតិ សន្តិសុខ អ្នកជំនាញនិងអ្នកប្រាជ្ញមកពីប្រទេសចំនួន ៤១។ 
វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០ - ảnh 1លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០។ (រូបថត៖ TTXVN)

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញចូលរួមសន្និសីទនេះ។

ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២ដល់ទី៤ ខែមិថុនា SLD20 មានសម័យប្រជុំពេញអង្គចំនួន ៧ ជាវេទិកាដែលថ្នាក់ដឹកនាំសន្តិសុខការពារជាតិ នៃប្រទេសនានានិងអ្នកជំនាញនឹងថ្លែងសុន្ទរកថា ហើយពិភាក្សាអំពីតួនាទីដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការកសាងតំបន់ងាស៊ីប៉ាស៊ីហ្វិកប្រកបដោយស្ថិរភាពនិងតុល្យភាព ការដោះស្រាយភាពតានតឹងក្នុងតំបន់ របៀបវារៈសន្តិសុខថ្មីរបស់ចិន... SLD20 ក៏នឹងមានសម័យប្រជុំពិសេសចំនួន៦ ដែលនឹងពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងការប្រកួតប្រជែងតាមអ៊ីនធឺណិត និងបច្ចេកវិទ្យា បញ្ហាប្រឈមក្នុងការអភិវឌ្ឍសមត្ថភាពយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការធានាតុល្យភាពនៃយន្តការពហុភាគីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងមជ្ឈភាពរបស់អាស៊ាន ជាដើម។

វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០ - ảnh 2លោកឧត្តមសេនីយឯក Hoang Xuan Chien ជួបជាមួយលោកឧត្តមសេនីយឯក Li Shangfu រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌ SLD20 លោកឧត្តមសេនីយឯក Hoang Xuan Chien បានជួបជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួនដែលចូលរួមក្នុងកិច្ចសន្ទនានេះ។ ក្នុងជំនួបជាមួយលោកឧត្តមសេនីយឯក Li Shangfu រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ប្រធានគណៈប្រតិភូទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងមកត្រូវបានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ជំរុញឲ្យកាន់តែជាក់ស្តែង ដែលជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាពជាអ្នកជិតខាងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឲ្យ ភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្មក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការគ្រប់គ្រង និងការពារព្រំដែន ដែនសមុទ្រ ហើយឆាប់រៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិ-ព្រំដែនវៀតណាម-ចិនលើកទី ៨ កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ និងសកម្មភាពសហប្រតិបត្តិការផ្សេងទៀតផងដែរ។

ក្នុងរយៈពេលចូលរួម SLD20 លោកឧត្តមសេនីយឯក Hoang Xuan Chien ក៏បានជួបជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក Richard Donald Marles អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Masami Oka ថ្នាក់ដឹកនាំក្រសួងការពារជាតិសិង្ហបុរីនិងក្រសួងការពារជាតិកាណាដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ