វៀតណាមចូលរួមវេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែកក្កដា រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមវេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព(HLPF) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ថ្លែងសុន្ទរកថាក្នុងវេទិកានេះ។ រូបថត៖ Quang Huy/VNA |
ថ្លែងសុន្ទរកថាក្នុងវេទិកានេះ រដ្ឋមន្ត្រី លោក Nguyen Chi Dung បានធ្វើអធិប្បាយពីការត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តរបស់វៀតណាម (VNR) ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ក្នុងឆ្នាំនេះ។ រដ្ឋមន្ត្រីបានឲ្យដឹងថា VNR លើកទីពីរនេះគឺសំដៅចែករំលែកវឌ្ឍនភាពនៃការអនុវត្ត SDGs; ការផ្លាស់ប្តូរនិងវឌ្ឍនភាពសំខាន់ៗបើធៀបនឹង VNR លើកដំបូង (២០១៨); ការលំបាក បញ្ហាប្រឈម និងទិសដៅសំខាន់ៗដើម្បីជំរុញការអនុវត្ត SDGs នាពេលខាងមុខ។
សុន្ទរកថារបស់វៀតណាមនៅអង្គការសហប្រជាជាតិ ទទួលបានការចាប់អារម្មណ៍និងការចូលរួមផ្តល់មតិយោបល់ពីប្រទេស អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន។ រដ្ឋមន្ត្រី លោក Nguyen Chi Dung បានឆ្លើយសំណួររបស់គណៈប្រតិភូចូលរួម ហើយបានអះអាងថា វៀតណាមប្តេជ្ញាបន្តលើកកំពស់តួនាទីជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា មិនទុកឱ្យនរណាម្នាក់នៅពីក្រោយក្នុងដំណើរការនេះ។
របៀបវារៈឆ្នាំ ២០៣០ ត្រូវបានអនុម័តដោយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយផ្តោតសំខាន់លើ SDG ចំនួន១៧។ ជាពិសេស VNR ត្រូវបានចាត់ទុកថា ជាយន្តការមួយក្នុងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និង SDG លើទ្រង់ទ្រាយសកល៕