វៀតណាមជាគំរូដ៏ល្អនៃការប្តេជ្ញាចិត្តនិងការអនុវត្តគោលដៅសមភាពយេនឌ័រ
(VOVWORLD) - លោកស្រី Robyn Mudie ជឿជាក់ថា ស្ត្រីវៀតណាមអាចបង្កើតភាពល្បីល្បាញនិងមានវត្តមានកាន់តែច្រើនឡើង ជាពិសេសក្នុងតួនាទីជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមុខតំណែងជាន់ខ្ពស់នៅក្នុងស្ថាប័នរបស់រដ្ឋាភិបាល។
លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម (រូបថត៖ Minh Quyet/TTXVN) |
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ស្ត្រីនៅក្នុងរដ្ឋសភា ហើយបានចាត់ទុកថា ច្បាប់របស់វៀតណាមស្តីពីសមភាពយេនឌ័រគឺជាគំរូដ៏ល្អនៃការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគោលដៅសមភាពយេនឌ័រ។ លោកស្រី Robyn Mudie ជឿជាក់ថា ស្ត្រី វៀតណាមអាចបង្កើតភាពល្បីល្បាញនិងមានវត្តមានកាន់តែច្រើនឡើង ជាពិសេសក្នុងតួនាទីជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមុខតំណែងជាន់ខ្ពស់នៅក្នុងស្ថាប័នរបស់រដ្ឋាភិបាល។
លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានសង្កត់ធ្ងន់លើសមភាពយេនឌ័រក្នុងទិដ្ឋភាពជាច្រើន។ ដូច្នេះហើយ ត្រូវមានការផ្លាស់ប្តូរចាំបាច់ដើម្បីឱ្យស្ត្រីអាចចូលរួមឲ្យបានពេញលេញក្នុងវិស័យណាមួយ មិនថាវិស័យសាធារណៈ ឬឯកជនឡើយ។ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ការប្រគល់សិទ្ធសេដ្ឋកិច្ចសម្រាប់ស្ត្រីគឺជាអាទិភាពកំពូលនិងយូរអង្វែងក្នុងទំនាក់ទំនងរបស់អូស្ត្រាលីជាមួយវៀតណាម ព្រោះប្រទេសទាំងពីរមានគោលដៅដូចគ្នាគឺការខិតខំដើម្បីសមភាពយេនឌ័រ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការជួយស្ត្រីក្នុងអាជីវកម្មបានដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ជាមួយវៀត ណាម។ ប្រការនេះឆ្លុះបញ្ចាំងពីអាទិភាពរបស់រដ្ឋាភិបាលអូស្ត្រាលីលើសមភាពយេនឌ័រក្នុងវិស័យសាធារណៈនិងឯកជន។ សមភាពយេនឌ័រនឹងជួយវៀតណាមក្នុងការផ្លាស់ប្តូរទៅជាប្រទេសដែលមានចំណូលមធ្យមនិងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
លោកស្រី Robyn Mudie ក៏បានសម្តែងនូវមោទនភាព នៅពេលដែលលោកស្រីបានរួមសហការជាមួយរដ្ឋាភិបាលវៀតណាមនិងទីភ្នាក់ងារចំនួនបីរបស់អង្គការសហប្រជាជាតិ រួមមាន UNFPA, UNICEF និង UN Women ដើម្បីចាប់ផ្តើមគម្រោង “លុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារីនៅវៀតណាម” ក្នុងដំណាក់កាល ២០២១-២០២៥”។ លោកឯកអគ្គរដ្ឋទូតបានអះអាងនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីស្ថិរភាពនិងវិបុលភាពរបស់វៀតណាម ដែលជាដៃគូសំខាន់មួយក្នុងតំបន់៕