វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជាចាប់តាំងពីដើមឆ្នាំមក

(VOVWORLD) - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ទើបតែបានចេញព័ត៌មានថា ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងកម្ពុជា សម្រេចបានជាង ១,៤១ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។ 
ជាក់ស្តែង ការនាំចេញទំនិញរបស់កម្ពុជាមកវៀតណាមសម្រេចបានជាង ៨០១ លានដុល្លារ ខណៈដែលប្រទេសនេះបាននាំចូលទំនិញពីវៀតណាម ដោយមាន តម្លៃជាង ៦១២ លានដុល្លារអាមេរិក។
ជាមួយនឹងតួរលេខខាងលើ វៀតណាមមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់កម្ពុជាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុណ្ណោះទេ ថែមទាំងជា ដៃគូពាណិជ្ជកម្មធំទីពីរលើពិភពលោករបស់កម្ពុជា បន្ទាប់ពីប្រទេសចិនផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃបណ្ឌិតសភាកម្ពុជា បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដោយ ចាត់ទុកថា ប្រការនេះគឺចាំបាច់និងមានអត្ថន័យបំផុត ជាពិសេសនៅក្នុងគ្រាដែលមាន បញ្ហាប្រឈមផ្នែកនយោបាយ និងសេដ្ឋកិច្ចលើទូទាំងពិភពលោក។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានធ្វើអត្ថាធិប្បាយផងដែរថា ជាមួយនឹងភូមិសាស្ត្រជិតគ្នា និងទំនាក់ ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលនិងវិស័យឯកជន ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ