វៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពូនជ្រុំទំនាក់ទំនងវៀតណាម - ឡាវ
(VOVWORLD) - នាថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានទទួលជួបលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសឡាវ Salumxay Kommasit ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធានសម័យប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម - ឡាវ លើកទី ១០ ។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលជួបលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសឡាវ Salumxay Kommasit ។ រូបថត៖ VOV |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដែលបានទទួលជោគជ័យយ៉ាងល្អប្រសើរ រួមចំណែកជាក់ស្តែងទៅក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ ប្រធានរដ្ឋលោក Vo Van Thuong មានគោលបំណងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Salumxay Kommasith បន្តយកចិត្តទុកដាក់ គាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជនវៀតណាម ក្នុងនោះមានសហគមន៍ជនវៀតណាមនិងសហគ្រាសវៀតណាមដែលកំពុងធ្វើអាជីវកម្ម និងរស់នៅក្នុងប្រទេសឡាវ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងពូនជ្រុំឲ្យទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ។ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានអះអាងថា វៀតណាមនឹងគាំទ្រយ៉ាងពេញទំហឹង ដើម្បីប្រទេសឡាវកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)នៅឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ។
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានទទួលជួបលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសឡាវ Salumxay Kommasit ។ រូបថត៖ VOV
|
ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Salumxay Kommasith នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពូនជ្រុំទំនាក់ទំនងវៀតណាម-ឡាវ; ហើយសង្ឃឹមថាក្រសួងការបរទេសទាំងពីរនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ អនុវត្តយ៉ាងល្អនូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងយន្តការសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ; ត្រៀមរៀបចំយ៉ាងល្អសម្រាប់សម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ; ប្រឹក្សាវិធានការដើម្បីបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ វិនិយោគ ធ្វើអាជីវកម្ម; ផ្លាស់ប្តូរបទពិសោធន៍ សហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ជាពិសេសគឺអាស៊ាន អង្គការសហប្រជាជាតិ និងបណ្តាយន្តការអនុតំបន់ផងដែរ៕