វៀតណាមជានិច្ចកាលមានតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ព័រទុយហ្គាល់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
(VOVWORLD) - នេះគឺជាការអះអាងរបស់ប្រធានរដ្ឋសភាប្រទេសព័រទុយហ្គាល់ លោក Augusto Santos Silva កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុង Lisbon នៅពេលទទួលជួបអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូរដ្ឋសភាវៀតណាមដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសព័រទុយហ្គាល់។
យោងតាមប្រធានរដ្ឋសភាព័រទុយហ្គាល់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ព័រទុយហ្គាល់អាចពង្រីកទំនាក់ទំនងជាមួយប្រទេសអាស៊ីដទៃទៀត។ លោក Augusto Santos Silva ក៏បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូររវាងប្រជាជន ក្នុងនោះផ្តល់អាទិភាពលើការបើកស្ថាប័នតំណាងការទូតនៅប្រទេសនីមួយៗ។
ប្រធានរដ្ឋសភាព័រទុយហ្គាល់ លោក Augusto Santos Silva និងអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man។ រូបថត៖Thuy Duong |
រីឯខ្លួនវិញ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក Tran Thanh Man បានអះអាងថា ជានិច្ចកាលគោរពទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) ក៏ដូចជាប្រទេសជាសមាជិកនានា ក្នុងនោះមានព័រទុយហ្គាល់ផងដែរ។ អនុប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងទាញយកឱកាសជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ដើម្បីកែលម្អទំហំពាណិជ្ជកម្ម ខិតខំប្រឹងប្រែងឈានដល់ ១ ពាន់លានដុល្លារក្នុងមួយឆ្នាំនាពេលខាងមុខ; ប្រទេសព័រទុយហ្គាល់ជួយជំរុញឱ្យបណ្តាប្រទេសនៅសេសសល់ អនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម (EVIPA) យ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យព័រទុយហ្គាល់គាំទ្រនិងជំរុញគណៈកម្មាធិការអឺរ៉ុប (EC) ដក “កាតលឿង IUU” ចំពោះជលផលវៀតណាមឲ្យបានឆាប់ៗ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសភា លោក Tran Thanh Man បានស្នើឱ្យរដ្ឋសភាវៀតណាម និងរដ្ឋសភាព័រទុយហ្គាល់ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិចារណាបង្កើតក្រុមសមាជិកសភាមិត្តភាព ពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភាក្នុងតំបន់និងលើពិភពលោក។ អនុប្រធានរដ្ឋសភាក៏បានស្នើឱ្យប្រទេសព័រទុយហ្គាល់បន្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិវៀតណាមឱ្យមានស្ថេរភាព និងធ្វើសមាហរណកម្មឲ្យបានល្អ៕