វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយអាហ្វ្រិក
(VOVWORLD) - នាយប់ថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ ស្ថានទូតនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅទីក្រុងហាណូយបានរៀបចំពិធីអបអរសាទរទិវាអាហ្វ្រិក។
ថ្លែងក្នុងពិធីនេះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះឋានៈនិងកិត្យានុភាពរបស់សហភាពអាហ្វ្រិក (AU) ក្នុងជីវភាពនយោបាយ - សន្តិសុខ សេដ្ឋកិច្ច និងសង្គមរបស់ទ្វីបអាហ្វ្រិក; អបអរសាទរប្រជាជនអាហ្រ្វិក ក្រោមការដឹកនាំរបស់ AU បានទទួលសមិទ្ធិផលដ៏ធំធេងជាច្រើន ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ។
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅវៀតណាម។ រូបថត៖ Anh Thu/VOV |
ឧបការីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពសនិង មានបំណងចង់ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាហ្វ្រិក ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី៖ "ខ្ញុំជឿជាក់ថា ដោយមានមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងនយោបាយល្អប្រសើររវាងភាគីទាំងពីរ រួមជាមួយលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការគាំទ្រ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃភាគីទាំងពីរ នោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងអាហ្រ្វិកនឹងបន្តរីកចម្រើន រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងលើពិភពលោក”។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតម៉ារ៉ុក លោក Jamale Chouaibi ប្រធានក្រុមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្រ្វិកប្រចាំនៅទីក្រុងហាណូយ ជឿជាក់ថា ជាមួយនឹងប្រៀបខ្លាំង និងបទពិសោធន៍របស់វៀតណាម ជាមួយនឹងតម្រូវការ និងគុណសម្បត្តិធម្មជាតិដ៏អស្ចារ្យរបស់ទ្វីបអាហ្រ្វិក ភាគីទាំងពីរមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសន្តិសុខស្បៀងអាហារ សុខាភិបាល និងថាមពល ឆ្ពោះទៅរកគោលដៅនៃការកសាងពិភពលោកប្រកបដោយវិបុលភាព និងផ្សារភ្ជាប់៕