វៀតណាមជាប់ចំណាត់ថ្នាក់ទី ២៥ ទូទាំងពិភពលោកលើសន្ទស្សន៍សុវត្ថិភាពព័ត៌មានបណ្តាញ
(VOVWORLD) - នាថ្ងៃទី ២៧ ខែតុលា នាយកដ្ឋានសន្តិសុខព័ត៌មាន (ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ) បានសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន IEC ដើម្បីរៀបចំសិក្ខាសាលានិងការតាំងពិព័រណ៍អន្តរជាតិ ស្តីពី សន្តិសុខបណ្តាញ ឆ្នាំ ២០២១ (Vietnam Security Summit 2021) តាមប្រព័ន្ធវីដេអូអនឡាញ។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ qdnd.vn) |
ក្រោមប្រធានបទ “ការធានាសន្តិសុខបណ្តាញក្នុងយុគសម័យឌីជីថល៖ បញ្ហាប្រឈមនិងដំណោះស្រាយ” សិក្ខាសាលាគឺជាវេទិកាមួយសម្រាប់ប្រមូលមតិយោបល់ពីអ្នកជំនាញជាតិនិងអន្តរជាតិស្តីពីបទពិសោធន៍ក្នុងការលើកកម្ពស់សមត្ថភាពឆ្លើយតបជាមួយនឹងហានិភ័យសន្តិសុខបណ្តាញ។ ថ្លែងមតិនៅសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Huy Dung បានឲ្យដឹងថា៖ “ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ២៥ ទូទាំងពិភពលោកលើសន្ទស្សន៍សុវត្ថិភាពព័ត៌មានតាមអ៊ីនធឺរណែត។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសន្តិសុខព័ត៌មានតាមអ៊ីនធឺរណែតក្នុងសកម្មភាពរបស់ទីភ្នាក់ងារ អង្គការ និងបុគ្គលក្នុងវិស័យអ៊ីនធឺរណែត ហើយយើងនៅតែត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតនាពេលខាងមុខ។ សន្តិសុខបណ្តាញឥឡូវនេះគឺជារឿងរបស់មនុស្សគ្រប់គ្នា។ យើងត្រូវរក្សា និងបន្តពង្រឹងសមត្ថភាពនេះ ដើម្បីការពារភាពរុងរឿងរបស់ប្រទេសជាតិ។ យើងត្រូវបង្កើតការជឿទុកចិត្តឌីជីថល និងអនុវត្តន៍ព័ត៌មានតាមអ៊ីនធឺរណែតប្រកបដោយសុវត្ថិភាពសម្រាប់គ្រប់ស្ថាប័ន បុគ្គល និងមនុស្សនៅលើបណ្តាញ។ នាពេលខាងមុខនេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ នឹងផ្សព្វផ្សាយយុទ្ធនាការសុវត្ថិភាពព័ត៌មានតាមអ៊ីនធឺរណែតជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ ដោយផ្តល់នូវកម្មវិធី និងសេវាកម្មសុវត្ថិភាពព័ត៌មានជាមូលដ្ឋាននៅលើវេទិកាឧបករណ៍ចល័ត”៕