វៀតណាមជួបធ្វើការជាមួយ EC ស្ដីពីបញ្ហា IUU
(VOVWORLD) - ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាជាមូលដ្ឋាន ហើយ EC ក៏យល់ស្របនឹងលទ្ធផល និងការដោះស្រាយដែលវៀតណាមបានអនុវត្តន៍។
កម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃខេត្ត Ba Ria-Vung Tau ផ្សព្វផ្សាយព័ត៌មាន IUU ដល់ប្រជានេសាទក្នុងទីក្រុង Vung Tau ។ រូបថត៖ Hoang Nhi/VNA |
ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកក្កដា ក្រុមការងារបច្ចេកទេសរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក Nguyen Quang Hung ប្រធាននាយកដ្ឋានត្រួតពិនិត្យការនេសាទបានអញ្ជើញជួបធ្វើការជាមួយអគ្គនាយកដ្ឋានបណ្ដាបញ្ហាសមុទ្រ និងជលផលនៃគណៈកម្មការអឺរ៉ុប (DG-MARE) ស្តីពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (ការនេសាទ IUU)។
ក្នុងជំនូបធ្វើការ គណៈប្រតិភូបានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពរបស់វៀតណាមក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC); វឌ្ឍនភាពនៃការអនុវត្តការគ្រប់គ្រងនាវានេសាទដែលកំពុងប្រតិបត្តិការនៅសមុទ្រ សកម្មភាពចូល និងចេញពីកំពង់ផែ ត្រួតពិនិត្យទិន្នផលតាមកំពង់ផែ ព្រមទាំង ស្ថានភាពបច្ចុប្បន្ននៃការអនុវត្តផែនការនេសាទ និងការពារប្រភពជលផល ផែនការគ្រប់គ្រងរបរនេសាទត្រី ការងារតាមដានប្រភពដើមដើម្បីធានាទំនិញនាំចេញទៅកាន់ទីផ្សារអឺរ៉ុបគឺស្របច្បាប់ ការអនុវត្តច្បាប់ ដែលផ្តោតលើការធ្វើចំណាត់ការនាវានេសាទត្រីរំលោភបំពានលើច្បាប់នៅដែនសមុទ្របរទេស និងកសាងមូលដ្ឋានទិន្នន័យផាកពិន័យពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន។
លោក Nguyen Quang Hung ប្រធាននាយកដ្ឋានត្រួតពិនិត្យការនេសាទបានឲ្យថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាជាមូលដ្ឋាន ហើយ EC ក៏យល់ស្របនឹងលទ្ធផល និងការដោះស្រាយដែលវៀតណាមបានអនុវត្តន៍។ EC ផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវចាត់វិធានការខ្លាំងជាងមុន ក្នុងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ និងប្រយុទ្ធប្រឆាំងបញ្ឈប់ការរំលោភបំពាននៅដែនសមុទ្របរទេសរបស់នាវានេសាទ ធ្វើចំណាត់ការយ៉ាងម៉ឺងមាត់ ហើយមានដំណោះស្រាយគ្រប់គ្រងចំពោះនាវានេសាទណាដែលបាត់បង់ការតភ្ជាប់ជាមួយឧបករណ៍ឃ្លាំមើលការធ្វើដំណើរ ព្រមទាំងនាវានេសាទណាដែលបាត់ការតភ្ជាប់ជាង ១០ ថ្ងៃនៅសមុទ្រ ផងដែរ៕