វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោករំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍
(VOVWORLD) - ដើម្បីឆ្លើយតបនឹង “ទិវាពិភពលោក រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍” នាយប់ថ្ងៃទី ២១ ខែវិច្ឆិកា គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិបានសហការជាមួយទូរទស្សន៍ជាតិវៀតណាមនិងក្រុមហ៊ុន Toyota Motor Vietnam បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ រំលឹកដល់ជនរួមជាតិ ដែលបានទទួលមរណភាពដោយអកុសលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២១ នៅប្រទេសវៀតណាម (រូបថត៖ Pham Kien/TTXVN) |
តាងនាមរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានអញ្ជើញផ្ញើការសួរសុខទុក្ខនិងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារទាំងអស់ ដែលមានសាច់ញាតិបានទទួលមរណភាពដោយអកុសល ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ គោរពតាមបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជានិច្ចនៅពេលធ្វើដំណើរនិងរួមគ្នាបង្កើតបរិយាកាសចរាចរណ៍ដោយសុវត្ថិភាព។ ដើម្បីជាការកាន់ទុក្ខចំពោះជនដែលបានទទួលមរណៈភាព ដើម្បីសុវត្ថិភាពដល់អ្នកដែលនៅមានជីវិត សុំអោយយើងទាំងអស់គ្នា ចំណាយពេលមួយនាទីដើម្បីរំលឹកដល់ជនរួមជាតិដ៏អកុសលដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍”។
គណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះអកុសលដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២១ នៅប្រទេសវៀតណាម (រូបថត៖ Pham Kien/TTXVN) |
សូមគូសបញ្ជាក់ថា ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០០៥ មហាសន្និបាតអង្គការសហប្រជាជាតិបានទទួលស្គាល់ជាផ្លូវការនិងជ្រើសរើសថ្ងៃអាទិត្យទី ៣ នៃខែវិច្ឆិកា ជារៀងរាល់ឆ្នាំជា “ទិវាពិភពលោករំលឹកវិញ្ញាក្ខ័ន្ធដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍” នៅទូទាំងពិភពលោក។ យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការសុខភាពពិភពលោកបង្ហាញថា ជារៀងរាល់ឆ្នាំមនុស្សជិត ១.៣ លាននាក់បានស្លាប់ និងជិត ៥០ លាននាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងពិភពលោក។ នៅឯប្រទេសវៀតណាមវិញ ក្នុងមួយឆ្នាំៗ មនុស្សជិត ៧ពាន់នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ឆ្នាំសុវត្ថិភាពចរាចរណ៍ឆ្នាំ ២០២១ នៅវៀតណាមមានប្រធានបទ “លើកកំពស់សុពលភាពនិងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ដើម្បីធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍”៕