វៀតណាមជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរុស្ស៊ី អ៊ុយក្រែន និងនេប៉ាល់
(VOVWORLD) - នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភា នៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៣ (AIPA-៤៣) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួប សន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Konstantin Kosachev។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Konstantin Kosachev។ (រូបថត៖ VOV) |
នៅ ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយ មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ មាន ប្រសិទ្ធភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ រីឯខ្លួនវិញ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ រុស្ស៊ី លោក Konstantin Kosachev មានបំណងចង់ពង្រឹងទំនាក់ទំនងរវាងរដ្ឋសភានៃ ប្រទេសទាំងពីរ ហើយទន្ទឹងរង់ចាំទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យសមស្របនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអនុប្រធានរដ្ឋសភាអ៊ុយក្រែន
លោក Oleksandr Korniyenko។ (រូបថត៖ VOV) |
ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាអ៊ុយក្រែន លោក Oleksandr Korniyenko ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា ក្រុងហាណូយ ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយក្រុងគៀវ។ មេដឹកនាំទាំងពីរសង្ឃឹម ថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ។
នៅក្នុងជំនួបទាំងពីរខាងលើ ពេលពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ប្រធាន រដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់នូវជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម៖ ជម្លោះគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ; មានគោលបំណងថា ភាគី ពាក់ព័ន្ធនឹងបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះ ហើយបន្តការសន្ទនាឡើងវិញ។ ក្នុង ឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមបាន ផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដល់ប្រជាជនអ៊ុយក្រែន តាមរយៈ សមាគមកាកបាទក្រហម និងអង្គការសហប្រជាជាតិ។
ក៏នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន ជួបជាមួយសមភាគីនេប៉ាល់ លោក Ganesh Prasad Timilsina។ មេដឹកនាំទាំងពីរមាន បំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សក្តានុពលជាច្រើន; បង្កលក្ខខណ្ឌសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការ ស្វែងរកឱកាសវិនិយោគ និងសហប្រតិបត្តិការអាជីវកម្ម។ មេដឹកនាំទាំងពីរក៏បាន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការសភាទ្វេភាគីបន្ថែមទៀតផងដែរ៕