វៀតណាមជំរុញការផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូណេស៊ី

(VOVWORLD) - នាយប់ថ្ងៃទី ៣ខែឧសភា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានសហការជាមួយស្ថានទូត វៀតណាម ភ្នាក់ងារតំណាងពាណិជ្ជកម្មវៀតណាមនៅឥណ្ឌូនេស៊ី រៀបចំកម្មវិធី "Roadshow" ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី។ 
វៀតណាមជំរុញការផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូណេស៊ី - ảnh 1ទិដ្ឋភាពនៃការណែនាំអំពីទេសចរណ៍នៅវៀតណាមសម្រាប់ភ្ញៀវឥណ្ឌូនេស៊ី 

កម្មវិធីនេះមានឈ្មោះថា “ប្រទេសវៀតណាមដ៏គួរឲ្យចាប់អារម្មណ៍” បានផ្តល់ជូនភ្ញៀវទេសចរឥណ្ឌូណេស៊ីនិងក្រុមហ៊ុនទេសចរណ៍របស់ឥណ្ឌូនេស៊ី នូវព័ត៌មានជាច្រើនអំពីទេសចរណ៍វៀតណាម ពោលគឺគោលដៅទេសចរណ៍ដ៏គួរអោយទាក់ទាញ និងថ្មី ដូចជាដំណើរទេសចរណ៍ទៅកាន់ Sapa, ស្ពានមាសនៅ Da Nang ឬភ្នំខ្សាច់នៅ Mui Ne ជាដើម។ ភ្ញៀវទេសចរឥណ្ឌូនេស៊ីមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលដៅទាំងនេះ ហើយបានសម្តែងសេចក្តីសង្ឃឹមថា វៀតណាមនឹងបើកជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីទៅកាន់គោលដៅទេសចរណ៍ ដើម្បីជួយអ្នកទេសចរធ្វើដំណើរកាន់តែងាយស្រួល។ លោកស្រី Nguyen Thi Thanh Huong អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “ឥណ្ឌូនេស៊ីគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់នៅក្នុងតំបន់។ ភ្ញៀវទេសចរជាច្រើនបានជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍សម្រាប់ខ្លួន។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៩នេះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន ៣៦.៥០០ នាក់ កើន ៣០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍នេះ បានជួយ សម្រួល ដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ ហើយយើងរំពឹងថា ភ្ញៀវទេសចរឥណ្ឌូនេស៊ីទៅប្រទេសវៀតណាមនឹងកើនឡើងនាពេលអនាគត”។

ចំណែកឯលោក Mario Falcao នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍ឥណ្ឌូណេស៊ីបានលើកឡើងថា៖ “យើងខ្ញុំបានឃើញថា តម្រូវការរបស់ប្រជាជនវៀតណាមទៅទេសចរណ៍នៅកោះបាលីគឺធំធេងណាស់ និងផ្ទុយទៅវិញដែរ។ យើងខ្ញុំមានបំណងថា កោះបាលីនឹងក្លាយទៅជាក្លោងទ្វារដំបូងរបស់ Vietjet ដើម្បីនាំភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកាន់ប្រទេសវៀតណាម។ មិនត្រឹមតែប្រជាជនកោះបាលីប៉ុណ្ណោះទេ ថែមទាំង ប្រជាជននៅជុំវិញទីក្រុង ដូចជា Surabaya, Makasar និងភាគខាងកើតរបស់ឥណ្ឌូនេស៊ីក៏អាចធ្វើដំណើរទៅកាន់កោះបាលីដើម្បីមកដល់វៀតណាមផងដែរ”។

សូមជម្រាបថា ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមានប្រជាជន ជាង ២៦០ លាននាក់ហើយចម្ងាយភូមិសាស្រ្តមិនឆ្ងាយប៉ុន្មានពីវៀតណាមទេ។ កម្រិតប្រាក់ចំណូលរបស់ប្រជាជនឥណ្ឌូណេស៊ីបច្ចុប្បន្នគឺមានកម្រិតខ្ពស់បង្គួរ ដូច្នេះឥណ្ឌូណេស៊ីត្រូវបានចាត់ទុកថា ជាទីផ្សារពោរពេញទៅដោយសក្តានុពលសម្រាប់ឧស្សាហកម្មទេសចរណ៍របស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ