វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ នៅទីក្រុងញូវយ៉ក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ដែលរៀបចំឡើងដោយប្រធានាធិបតីអាមេរិកលោក Joe Biden នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិអាមេរិក។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (រូបថត៖ VGP) |
អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ ហើយមានគោលបំណងចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិកឲ្យកាន់តែស៊ីជម្រៅថែមទៀត។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថាលោកជានិច្ចកាលគាំទ្រការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម -អាមេរិក ។
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ក៏មានជំនួបជាមួយប្រធានាធិបតី កោះ Marshall លោក David Kabua ផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគិ ជាពិសេសគឺបង្កើនផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសទាំងពីរមានសក្ដានុពលខ្លាំងដូចជា ការនេសាទជលផល កសិកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុការកើនឡើងកម្ពស់ទឹកសមុទ្រ និងការធានាសន្តិសុខស្បៀងអាហារ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ Marshall បន្តគាំទ្រវៀតណាមឈរឈ្មោះក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ក៏មានជំនួយបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi ផងដេរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នាពេលខាងមុខ។ អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ ដូចគ្នានោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមគាំទ្រឥណ្ឌូនេស៊ីទទួលតួនាទីជាប្រធានអាស៊ានប្រកបដដោយជោគជ័យ ក្នុងឆ្នាំ ២០២៣; លោកអះអាងសារជាថ្មីនូវការគាំទ្ររបស់អាស៊ានក្នុងការរក្សាសាមគ្គីភាព និងគោលការណ៍ដែលបានឯកភាពគ្នារបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕