វៀតណាមតែងតែគោរពនិងមានបំណងជំរុញភាពជាដៃគូយុទ្ធសាស្រ្តជាមួយអង់គ្លេស
(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម លោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសបានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Dominic Raab រដ្ឋមន្រ្តីការបរទេសនិងអភិវឌ្ឍន៍អង់គ្លេស។
នៅក្នុងជំនួបតាមទូរស័ព្ទនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ក្នុងការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ វៀតណាមតែងតែយកចិត្តទុកដាក់និងមានគោលបំណងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេសឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពជាងទៀត។ ដោយវាយតម្លៃខ្ពស់ចំពោះចក្រភពអង់គ្លេសដែលជាប្រទេសឈានមុខគេនៅអឺរ៉ុបនិងពិភពលោកក្នុងការដាក់ពង្រាយការចាក់វ៉ាក់សាំងការពារកូវីដ -១៩ រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានស្នើឲ្យអង់គ្លេសបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងនិងពិចារណាលើការផ្ទេរបច្ចេកវិទ្យាផលិតកម្មវ៉ាក់សាំងទៅវៀតណាម។
រីឯខ្លួនវិញ លោក Dominic Raab រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍អង់គ្លេសបានអះអាងថា អង់គ្លេសមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅតាមបណ្តាវេទិកាពហុភាគី ព្រមទាំងសង្កត់ធ្ងន់លើការលើកកំពស់ការអនុវត្តច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ភាគីទាំងពីរក៏បានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីធានានូវជោគជ័យនៃសន្និសីទលើកទី ២៦ របស់ភាគីនានានៃអនុសញ្ញាអាកាសធាតុ (COP26) ដែលចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាឆ្នាំ ២០២១ ខាងមុខ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលតែងតែតស៊ូមតិដើម្បីជំរុញកិច្ចពិភាក្សានិងស្វែងរក ដំណោះស្រាយយូរអង្វែងសម្រាប់ស្ថានភាពនៅមីយ៉ាន់ម៉ាផងដែរ៕