វៀតណាមតែងតែចាត់ទុកសហភាពអឺរ៉ុបជាដៃគូដ៏សំខាន់ជួរមុខ
(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុងហាណូយ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតរវាងតំណាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប ( EP) ស្តីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។
ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha (ស្ដាំ) (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហភាពអឺរ៉ុបជាដៃគូដ៏សំខាន់ជួរមុខ។ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងសហភាពអឺរ៉ុប ក្នុងនោះមានទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប ទទួលបានសមិទ្ធិផលជាច្រើន ដើម្បីផលប្រយោជន៍ជូនប្រជាជននៃភាគីនីមួយៗ រួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍លើទ្វីបទាំងពីរ និងនៅលើពិភពលោក។ លោក Vu Hai Ha បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប ក្នុងនោះមានការអនុវត្ត EVFTA ផងដែរ។
សំដៅអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពជាងនាពេលខាងមុខ ប្រធានគណៈកម្មការកិច្ចការបរទេសវៀតណាមបានស្នើឲ្យសភាអឺរ៉ុប និងសហភាពអឺរ៉ុប ជួយឧបត្ថម្ភបច្ចេកទេស និងប្រភពធនធានដល់ស្ថាប័ន អង្គការវៀតណាម ដើម្បីទាញយក EVFTA ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជួយឧបត្ថម្ភបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ សំដៅជួយសហគ្រាសវៀតណាមឆ្លើយតបនឹងរាល់តម្រូវការនៃឧបសគ្គបច្ចេកទេសក្នុងពាណិជ្ជកម្ម (TBT) វិធានការអនាម័យ និងភូតគាមអនាម័យសត្វ និងរុក្ខជាតិ (SPS)។
នៅក្នុងកិច្ចប្រជុំនេះ សមាជិកសភានៃសភាអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានដែលភាគីទាំងពីរសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាមនាពេលកន្លងទៅផងដែរ៕