វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន
(VOVWORLD) - ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រី Shinzo Abe នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២ នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio (រូបថត៖ TTXVN) |
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះបក្សប្រជាធិបតេយ្យសេរី រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី លោក Abe Shinzo ដែលជាមហាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។ លោកប្រធានរដ្ឋបានអះអាងថា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចងចាំជានិច្ចនូវមនោសញ្ចេតនា និងការរួមចំណែកសំខាន់ៗ របស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម-ជប៉ុន។ ជាមួយគ្នានេះ វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន ដោយចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់និងយូរអង្វែង ក៏ដូចជាគាំទ្រជប៉ុនក្នុងការរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានអះអាងថា ជប៉ុនក៏តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងជាមួយវៀតណាម និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងឋានៈកាន់តែសំខាន់របស់វៀតណាមក្នុងតំបន់ និងលើពិភពលោក។
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ តាមរយៈដំណើរទស្សនកិច្ចជាប្រចាំ; ជំរុញកិច្ចសហប្រតិបត្តិការការទូត សន្តិសុខ ការពារជាតិ និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធ។ ថ្នាក់ដឹកនាំទាំងពីររូប ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត កូវីដ ១៩ ព្រមទាំងពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
នាថ្ងៃដដែល ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki និងប្រធានព្រឹទ្ធសភាជប៉ុន Otsuji Hidehisa។ ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យសភាជាន់ទាប និងព្រឹទ្ធសភា គាំទ្ររដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភ វៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ តាមរយៈការផ្តល់ទុនសហប្រតិបត្តិការអភិវឌ្ឍន៍ ODA ផ្លូវការ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ក្នុងការជួបប្រាស្រ័យរវាង ប្រជាជននិងជាជន។
ភាគីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិ គាំទ្រតួនាទី និងគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕