វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកាហ្សាក់ស្ថាន
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត រួមទាំងថ្នាក់ខ្ពស់ រួមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ វេទិកាសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្ត (CICA) ទៀតផង។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ Kazakhstan Mukhtar Tileuberdi (ប្រភព៖ VTV) |
នារសៀលថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Mukhtar Tileuberdi ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកាហ្សាក់ស្ថាន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត រួមទាំងថ្នាក់ខ្ពស់ រួមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ វេទិកាសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្ត (CICA) ទៀតផង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកាហ្សាក់ស្ថានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលសក្កានុពលរបស់វៀតណាមដូចជា ផលិតផលកសិកម្ម អាហារសមុទ្រ វាយនភ័ណ្ឌ និងគ្រឿងសង្ហារឹម ដើម្បីចូលទៅកាន់ទីផ្សារកាហ្សាក់ស្ថាន។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរសម្របសម្រួល និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VTV) |
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Mukhtar Tileuberdi បានអះអាងថា កាហ្សាក់ស្ថានមានបំណងចង់បន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឯកជន។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Mukhtar Tileuberdi បានអះអាងថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យកសិកម្ម ទេសចរណ៍ ដឹកជញ្ជូន ហិរញ្ញវត្ថុ និងថាមពលស្អាត៕