វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ

(VOVWORLD) - ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង  និងមានអត្ថន័យជាប្រវត្តិសាស្ត្រដែលបក្ស រដ្ឋ និងប្រជាជនឡាវទទួលបាន នាពេលកន្លងមក និងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដ៏ធំធេងដែលឡាវបានផ្តល់ជូនវៀតណាមរហូតមកដល់ពេលនេះ។
វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong និងអនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany (រូបថត៖ VOV)

នារសៀលថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋឡាវ ដឹកនាំដោយលោក Bounthong Chitmany អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន អនុប្រធានរដ្ឋឡាវ  ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ១៩៦២- ៥ កញ្ញា ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រដែលបក្ស រដ្ឋ និងប្រជាជនឡាវទទួលបាននាពេលកន្លងមក និងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដ៏ធំធេងដែលឡាវបានផ្តល់ជូន វៀត ណាមរហូតមកដល់ពេលនេះ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលសម្រាប់ទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ ហើយតែងតែគាំទ្រយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយលើកិច្ចការផ្លាស់ប្តូរថ្មីប្រទេសឡាវ។

អគ្គលេខាបក្ស លោក Nguyen Phu Trong និងអនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានអះអាងថា ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏ភាគីទាំងពីរនឹងរួមដៃគ្នាថែរក្សា ស្រុះចិត្តគំនិតដើម្បីពូនជ្រុំទំនាក់ទំនងដ៏ស្មោះស្ម័គ្រ និងស្មោះត្រង់រវាងប្រទេសទាំងពីរវៀតណាម-ឡាវ ឡាវ-វៀតណាម ប្រកបដោយនិរន្តរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការបង្កើតគោលនយោបាយ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ