វៀតណាមត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសទាំងអស់ដើម្បីការអភិវឌ្ឍដោយចីរភាព

(VOVWORLD) - ក្នុងឱកាសនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកាណាដានិងចូលរួមកិច្ចប្រជុំកំពូលក្រុម G7 បើកទូលាយនៅខេត្ត Quebec ទំព័រវេបសាយរបស់មូលនិធិអាស៊ី ប៉ាស៊ីហ្វិក (APF Canada) បានបង្ហោះបទឆ្លើយសម្ភាសន៍របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្ដីពីការរួមវិភាគទានរបស់វៀតណាមនៅក្នុងកិច្ចប្រជុំនិងឋានៈកាន់តែកើនឡើងៗរបស់វៀតណាមលើឆាកអន្តរជាតិ។


វៀតណាមត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសទាំងអស់ដើម្បីការអភិវឌ្ឍដោយចីរភាព - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc

ពីគោលនយោបាយនាបច្ចុប្បន្នរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនិងការពារបរិស្ថានសមុទ្រ លោក Nguyen Xuan Phuc បានបញ្ជាក់ថា សេដ្ឋកិច្ចសមុទ្រនិងការអភិវឌ្ឍឆ្ពោះទៅសមុទ្រគឺជាទិសដៅអភិវឌ្ឍយុទ្ធសាស្ត្ររបស់វៀតណាម ដោយទស្សនៈវិស័យកសាងវៀតណាមក្លាយទៅជាប្រទេសខ្លាំងមាំមួនអំពីសមុទ្រ។ វៀតណាមបានដាក់ចេញគោលដៅដល់ឆ្នាំ២០២០ សេដ្ឋកិច្ចនៅលើសមុទ្រនិងនៅតាមឆ្នេសមុទ្រនឹងស្រូបយក៥៥%នៃ GDP សរុប និង៦០%នៃទំហំនាំចេញរបស់ប្រទេសជាតិ។ ដើម្បីអនុវត្តន៍ទស្សនៈវិស័យនិងគោលដៅខាងលើ វៀតណាមបាននិងកំពុងលាតត្រដាងអនុវត្តន៍គោលនយោបាយផែនការនិងវិធានការជាច្រើនសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិងការពារបរិស្ថានសមុទ្រ។

ឆ្លើយសំណួរស្ដីពីការផ្ដួចផ្ដើមគំនិតរបស់វៀតណាមនៅកិច្ចប្រជុំ G7 បើកទូលាយឆ្នាំនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅកិច្ចប្រជុំលើកនេះ វៀតណាមបានរួមវិភាគទានដ៏ជាក់ស្ដែងនិងមានការទទួលខុសត្រូវក្នុងការពិភាក្សាលើខ្លឹមសារសំខាន់ៗ ពិសេសគឺការជំរុញឲ្យអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (COP 21) ការពារបរិស្ថានអេកូឡូស៊ីសមុទ្រនិងរាំងស្កាត់ការបញ្ចេញសំរាមប៉្លាស្ទិកចូលទៅក្នុងមហាសមុទ្រ។ វៀតណាមបានស្នើឲ្យសហគមន៍អន្តរជាតិពិភាក្សាលើលទ្ធភាពឆ្ពោះទៅកិច្ចព្រមព្រៀងសកលលោកមួយស្ដីពីការរាំងស្កាត់ការបញ្ចេញសំរាមនិងកាកសំណល់ប៉្លាស្ទិកចូលទៅក្នុងមហាសមុទ្រ ដូចជាកិច្ចព្រមព្រៀង COP។ ទន្ទឹមនឹងនោះ វៀតណាមក៏បានស្នើឲ្យក្រុម G7 ពិចារណាបង្កើតវេទិកាសហប្រតិបត្តិការបើកទូលាយរវាង G7 ជាមួយប្រទេសជាប់សមុទ្រ ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការឡើងនីវ៉ូទឹកសមុទ្រនិងការពារបរិស្ថានអេកូឡូស៊ីសមុទ្រផងដែរ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសនិងដៃគូទាំងអស់ដើម្បីការអភិវឌ្ឍដោយចីរភាពនិងវិបុលភាពរួមរបស់ផែនដីទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ