វៀតណាមនិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅវៀតណាម ដែលមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

វៀតណាមនិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនវត្ថុអនុស្សាវរីយ៍ដល់លោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅវៀតណាម (រូបថត៖ Vu Dung/VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតម្លៃថា លោកឯកអគ្គរដ្ឋទូត Park Noh Wan បាន រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្តនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច។ បច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាដៃគូឈានមុខគេរបស់វៀតណាម ដោយមានទុនវិនិយោគជិត ៨០ ពាន់លានដុល្លារអាមេរិក នាំមុខប្រទេស និងតំបន់ដែនដីដែលកំពុងវិនិយោគនៅវៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនបានឈានដល់ ៧៨ ពាន់លានដុល្លារ ហើយមាននិន្នាការកើនឡើងជាលំដាប់។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យភាគីទាំងពីរជំរុញដំណើរទស្សនកិច្ចនៅគ្រប់ជាន់ថ្នាក់ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ លោកប្រធានរដ្ឋបានចាត់ទុកថា  កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តសម្រេចបានជោគជ័យកាន់តែធំធេងថែមទៀតជាពុំខាន។

វៀតណាមនិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ - ảnh 2ឯកអគ្គរដ្ឋទូតលោក Park Noh Wan បានសម្តែងថា ទោះក្នុងឋានៈណាក៏ដោយ លោកនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើង (រូបថត៖ Vu Dung/VOV)

រីឯខ្លួនវិញ លោក ឯកអគ្គរដ្ឋទូត Park Noh Wan បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋ លើការសម្រេចចិត្តប្រគល់គ្រឿងឥស្សរិយយសមិត្តភាព ដែលជារង្វាន់ដ៏ខ្ពង់ខ្ពស់របស់រដ្ឋវៀតណាម ហើយបានមានប្រសាសន៍ថា លោកតែងតែមានមនោសញ្ជេតនាជាពិសេសចំពោះប្រទេស និងប្រជាជនវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ទោះជាមានតួនាទីបែបណាក៏ដោយ លោកនៅតែជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ