វៀតណាមនឹងចូលរួមយ៉ាងសកម្មនៅក្នុងរបៀបវារៈនៃក្រុមប្រទេស G20
(VOVWORLD) - នាថ្ងៃទី ២៨ និង ២៩ ខែមិថុនា គណៈប្រតិ ភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka នៃប្រទេសជប៉ុន ក្នុងនាមជាភ្ញៀវកិត្តយសពិសេស។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka នៃប្រទេសជប៉ុន ក្នុងនាមជាភ្ញៀវកិត្តយសពិសេស |
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅជប៉ុនអំពីព្រឹត្តិការណ៍នេះ លោក Vu Hong Nam ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅជប៉ុនបានលើកឡើងថា ការដែលជប៉ុនបានអញ្ជើញវៀតណាមចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិដ៏ធំមួយនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់ជប៉ុនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅជាមួយវៀត ណាម ក៏ដូចជាជឿជាក់លើការរួមចំណែករបស់វៀតណាម ចំពោះបញ្ហាអន្តរជាតិដែលបានលើកមកពិភាក្សានៅឯកិច្ចប្រជុំ G20 លើកនេះផងដែរ។
នេះគឺជាលើកទី៤ហើយដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងនាមជាភ្ញៀវកិត្តយបពិសេស ហើយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc គ្រោងនឹងអញ្ជើញថ្លែងសន្ទរកថាសំខាន់ៗ នៅក្នុងសម័យពិភាក្សានានានៃកិច្ចប្រជុំកំពូលនេះ។ បញ្ហាសំខាន់ចំនួនបី ដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះរួមមាន: ការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO); សេដ្ឋកិច្ចឌីជីថលនិងបរិស្ថាន; ជាពិសេសបរិស្ថានលើសមុទ្រ។ យោងតាមលោកឯកអគ្គរដ្ឋទូត Vu Hong Nam ថា ប្រធានបទទាំងនេះគឺជាប្រធានបទដែលទាក់ទងនឹង ផលប្រយោជន៍របស់វៀតណាម។ លោក Vu Hong Nam បានមានប្រសាសន៍ថា៖ “ជា បឋម ទាក់ទងនឹងបញ្ហាសេរីភាវូបនីយកម្មពាណិជ្ជកម្ម សូមជម្រាបថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមអង្គការ WTO យឺតជាងគេ ប៉ុន្តែថ្វីត្បិតដូច្នេះក៏ដោយ នៅពេលចូលរួមជាមួយ WTO វៀតណាមបានចូលរួមយ៉ាងសកម្មណាស់។ ទីពីរគឺ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាអ្នកផ្ដើមគំនិត ដោយផ្លាស់ប្តូរសេដ្ឋកិច្ចវៀតណាមឆ្ពោះទៅរកសេដ្ឋកិច្ច៤.០យ៉ាងឆាប់រហ័ស។ ហេតុដូច្នេះ ក្នុងនាមជាប្រធានគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូល G20 លើកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រាកដថា នឹងចូលរួមយ៉ាងសកម្មនៅក្នុងបញ្ហាសេដ្ឋកិច្ចឌីជីថល។ ទី ៣គឺ វៀតណាមជាប្រទេសសមុទ្រ បានជា កាកសំណល់ប្លាស្ទិចនឹងអណ្តែតលើសមុទ្រ ដែលគំរាមកំហែងដល់សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ ហេតុដូច្នេះ នេះគឺជាបញ្ហាចាំបាច់របស់វៀតណាម ហើយខ្ញុំគិតថា លោកនាយករដ្ឋមន្ត្រីវៀតណានឹងចូលរួមយ៉ាងសកម្មនៅក្នុងប្រធានបទនេះ” ។
ពាក់ព័ន្ធនឹងទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន ឯកអគ្គរដ្ឋទូត លោក Vu Hong Nam បានជឿជាក់ថា ក្នុងរយៈពេលខាងមុខ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើវិស័យចំនួនបី រួមមាន វិស័យនយោបាយ សេដ្ឋកិច្ចនិងការផ្លាស់ប្តូរប្រជាជន។ ម្យ៉ាងវិញទៀត ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងរវាងតំបន់នានានៃប្រទេសទាំងពីរផងដែរ៕