វៀតណាមនិងជប៉ុនបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - នាថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន និង ចូលរួមកិច្ចប្រជុំជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី១០ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែ តុលា។ ដំណើរទស្សនកិច្ចនៅជប៉ុនលើកនេះ បានរួមចំណែកជំរុញឲ្យទំនាក់ទំនង សហប្រតិបតិ្តការយុទ្ធសាស្ត្រវៀត ណាម-ជប៉ុនបន្តអភិវឌ្ឍន៍យ៉ាងស៊ីជំរៅ គ្រប់ ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាព។
វៀតណាមនិងជប៉ុនបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកចូលរួមកិច្ចប្រជុំជាន់ខ្ពស់មេគង្គ-ជប៉ុន (រូបថត៖ chinhphu.vn)


 
វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧៣។ ក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមក វៀតណាមនិងជប៉ុនបានក្លាយទៅជាដៃគូកាន់តែសំខាន់របស់គ្នាលើគ្រប់វិស័យ។ ជាពិសេស បន្ទាប់ពីពេលប្រទេសទាំងពីរលើកទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ី កាលពីខែមីនា ឆ្នាំ២០១៤មក ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង។

       ទំនាក់ទំនងគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង

        លើវិស័យនយោបាយ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតនៅដំណាក់កាលដ៏ល្អប្រសើរបំផុតតាំងពីមុនមក។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែទៅបំពេញទស្សនកិច្ចនិងជួបប្រាស្រ័យគ្នានៅលើវេទិកាអន្តរជាតិនិងតំបន់។ ជាពិសេស ឆ្នាំ២០១៧ជាឆ្នាំដែលបានប្រព្រឹត្តទៅនូវដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ចំនួន៥លើកនៅក្នុងឆ្នាំតែមួយ។ ក្នុងនោះសញ្ញាសម្គាល់ប្រវត្តិសាស្ត្រនោះគឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះចៅអាធិរាជ្យនិងអគ្គមហេសីជប៉ុន ដំណើរទស្សនកិច្ច២លើករបស់នាយករដ្ឋមន្រ្តីជប៉ុន និងដំណើរទស្សនកិច្ចនៅវៀតណាមក្រោយរយៈពេល១៥ឆ្នាំរបស់ប្រធានរដ្ឋសភាជប៉ុន។ ក្នុងឆ្នាំនេះដែរ ប្រទេសទាំងពីរក៏បានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីការធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយវៀតណាម-ជប៉ុន ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាខែមិថុនា។

        លើវិស័យសេដ្ឋកិច្ច ជប៉ុនបន្តជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ពិសេសរបស់វៀតណាម ហើយក៏ជាប្រទេសដើមដំបូងក្នុងក្រុម G៧ ដែលទទួលស្គាល់នូវខឿនសេដ្ឋកិច្ចទីផ្សារបស់វៀតណាមកាលពីខែតុលាឆ្នាំ២០១១ផងដែរ។ រហូតមកដល់ពេលនេះ ជប៉ុនបានក្លាយទៅជាវិនិយោគិនបរទេសធំទី២ ដៃគូពាណិជ្ជកម្មធំទី៤និងដៃគូទេសចរណ៍ធំទី៣របស់វៀតណាម។ នាឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានជាង៣៣ពាន់លានដុល្លាអាមេរិក។ ក្នុងត្រីមាសទី១នាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន៨ពាន់៧រយលានដុល្លាអាមេរិក កើន១៦%បើប្រៀបនឹង រយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ គិតដល់ដំណាច់ខែសីហាឆ្នាំ២០១៨ ជប៉ុនមានគម្រោង FDI ដែលមានសុពលភាពនៅវៀតណាមប្រមាណ៣៨៦៥គម្រោងដោយទុនចុះបញ្ជីសរុបជាង៥៥ពាន់៨រយ លានដុល្លាអាមេរិកឈរលំដាប់ទី២ក្នុងចំណោមប្រទេសនិងតំបន់ដែនដីបណ្ដាក់ទុនចូលមកវៀត ណាមទាំង១១៦។ ជប៉ុនក៏ជាប្រទេសផ្ដល់ទុនឧបត្ថម្ភការអភិវឌ្ឍជាផ្លូវការ (ODA) ធំបំផុតសម្រាប់ វៀតណាម ដោយស្រូបយក៣០%នៃទុន ODA សរុបរបស់វៀតណាម ផងដែរ។

        ក្នុងឆ្នាំ២០១៧ មានភ្ញៀវទេសចរជប៉ុនប្រមាណ៨សែននាក់បានមកដល់វៀតណាម ខណៈដែលមានភ្ញៀវទេសចរវៀតណាមជាង៣សែននាក់បានទៅកាន់ជប៉ុនវិញ។ ទន្ទឹមនឹងនោះ គិតត្រឹមដើមឆ្នាំ២០១៨ មានសិស្សានុសិស្សនិងនិស្សិតវៀតណាមប្រមាណ៧៥ពាន់នាក់កំពុងសិក្សារៀនសូត្រនៅជប៉ុនផងដែរ។

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមនិងជប៉ុន បានសហការយ៉ាងស្អិតរមួតនិងប្រកបដោយប្រសិទ្ធភាពនៅវេទិកាអន្តរជាតិនិងតំបន់នានា ដូចជាអ.ស.ប សន្និសីទអាស៊ាន+ APEC និង ASEM ជាដើម។ ជាពិសេស ប្រទេសទាំងពីរបានសហការគ្នា រួមចំណែកទៅក្នុងជោគជ័យនៃឆ្នាំ APEC វៀតណាម ២០១៧ និងជំរុញការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

       ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបចរចាជាមួយសមភាគីលោក Shinzo Abe ជួបសម្ដែងការគួរសមព្រះចៅអាធិរាជ្យជប៉ុន ជួបសវនាការជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងប្រធានសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម ព្រមទាំងជួបធ្វើការជាមួយសមាគមន៍សហគ្រាសនិងវិនិយោគិនធំៗនៅជប៉ុនផងដែរ។ ក្នុងជំនួបចរចានាថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា នឹងបន្តបង្កើនជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ តាមរយៈការរក្សាដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់ទ្វេភាគី ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខប្រកប ដោយប្រសិទ្ធភាពនិងជាក់ស្ដែង ពិសេសគឺក្នុងវិស័យបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ផ្ទេរប្រគល់បច្ចេកវិទ្យានិងឧបករណ៍ការពារជាតិ ចែករំលែកបទពិសោធន៍ក្នុងការកសាងគោលនយោបាយស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយចីរភាពនៅវៀតណាម។ ល។

        នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអះអាងថា រដ្ឋាភិបាលជប៉ុនយកចិត្តទុកដាក់ដល់ការអភិវឌ្ឍដោយចីរភាពរបស់វៀតណាម ហើយនឹងជួយឧបត្ថម្ភគាំទ្រវៀតណាមតាមរយៈការជំរុញគម្រោង ODA និងគម្រោងវិនិយោគរបស់សហគ្រាសជប៉ុនចូលមកវៀតណាម។

        ដោយទទួលបានលទ្ធផលលេចធ្លោទាំងនោះ ដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ បានបង្កើតសញ្ញាសម្គាល់ថ្មី ដោយនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម-ជប៉ុន ឈានចូលដំណាក់កាលអភិវឌ្ឍថ្មីដ៏ល្អប្រសើរជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ