វៀតណាមនិងជប៉ុនបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែតុលា ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមដែលអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុននោះ បានប្រព្រឹត្តទៅយ៉ាងឱឡារឹកនៅ វិមាននាយករដ្ឋមន្រ្តីជប៉ុន រាជធានី តូក្យូ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានអញ្ជើញដំណើរការចរចាទ្វេភាគី។
វៀតណាមនិងជប៉ុនបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ - ảnh 1ទិដ្ឋភាពនៃជំនួបចរចា (រូបថត៖ VGP) 


 
នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាអំពីវិធានការជាច្រើនដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍន៍ ឡើងកំពស់ថ្មីយ៉ាងពេញលេញនិងជាក់ស្ដែងថែមទៀត។ ភាគីទាំងពីរឯកភាពគ្នា លើការបន្តបង្កើនជំនឿទុកចិត្តខាងនយោបាយតាមរយៈការបំពេញទស្សនកិច្ចគ្នាទៅវិញទៅមកនិងជំនួបប្រាស្រ័យជាន់ខ្ពស់។ លើវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំង ពីររូបបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគីដើម្បីផល ប្រយោជន៍ដូចគ្នា  បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មឧបត្ថម្ភ ថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលផ្លែ ឈើរបស់គ្នាទៅវិញទៅមកផងដែរ។ ចំពោះបញ្ហាក្នុងតំបន់និងលើពិភពលោក នាយករដ្ឋមន្រ្តីទាំងពីររូបបានអះអាងនូវការប្ដេជ្ញាចិត្តជំរុញឲ្យកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ចូលជាធរមានយ៉ាងឆាប់ៗ ជំរុញដំណើរការចរចាលើកិច្ចព្រមព្រៀងសម្រាប់ភាព ជាដៃគូសេដ្ឋកិច្ចដ៏ពេញលេញក្នុងតំបន់ (RCEP) គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ ភាគីនានាសំដៅជំរុញសន្តិភាព ស្ថិរភាពនិងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារ សំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះនិងការខ្វែងគំនិតទាំងអស់ដោយ សន្តិវិធីឲ្យបានសមស្របទៅនឹងគ្រឹះស្ថាននៃច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តន៍យ៉ាងពេញលេញនិង ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងសម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។

        បន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអញ្ជើញធ្វើជាសាក្សីក្នុងពិធី ផ្លាស់ប្ដូរឯកសារសហប្រតិបតិ្តការចំនួន៩រវាងក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ។

        អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែតរួម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញទំនាក់ទំនងរវាងអាស៊ានជាមួយ ជប៉ុន ក្នុងបរិបទដែលវៀតណាមកំពុងដើរតួនាទីជាអ្នកសម្របសម្រួលទំនាក់ ទំនងអាស៊ាន-ជប៉ុនក្នុងដំណាក់កាល ២០១៨-២០២១។ វៀតណាមបានអនុម័ត លើកិច្ចព្រមព្រៀង CPTPP ហើយប្រទេសទាំងពីរវៀតណាមនិងជប៉ុនក៏ជំរុញកិច្ច ព្រមព្រៀង RCEP ដូចគ្នាផងដែរ។ វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងគំនិត ផ្ដួចផ្ដើមរបស់ជប៉ុន សំដៅធានាវិបុលភាពខាងសេដ្ឋកិច្ច សេរីភាពខាងពាណិជ្ជ កម្មនិងសុវត្ថិភាពខាងនាវាចរណ៍នៅតំបន់សមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ដោយឈរ លើគ្រឹះស្ថាននៃធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ”។

        ចំណែកឯនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសង្កត់ធ្ងន់ថា កំណើន ចីរភាពរបស់វៀតណាមដើរតួនាទីដ៏សំខាន់សម្រាប់ការរក្សាសន្តិភាពនិងវិបុល ភាពនៃតំបន់មេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ