វៀតណាមនិងបារាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកីឡាបាល់ទាត់
(VOVWORLD) - នារសៀលថ្ងៃទី ៣០ មិថុនា តាមម៉ោងនៅបារាំង ប្រធានស្តីទីសហព័ន្ធបាល់ទាត់វៀតណាម (VFF) លោក Tran Quoc Tuan និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់បារាំង (FFF)។
ពីឆ្វេង៖ ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ FFF លោក François Bigot, អគ្គលេខាធិការរង VFF លោក Nguyen Thanh Ha, ប្រធានស្តីទី VFF លោក Tran Quoc Tuan, អគ្គលេខាធិការ FFF Laura Georges និងអគ្គលេខាធិការ VFF លោក Le Hoai Anh (រូបថត៖ VFF) |
នៅទីនេះ ប្រធានស្តីទី VFF លោក Tran Quoc Tuan បានថ្លែងអំណរគុណចំពោះការបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ក្រុមនារីវៀតណាម ប្រកួតមិត្តភាពជាមួយក្រុមនារីបារាំង។ លោក Tran Quoc Tuan សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្លាស់ប្តូររវាងក្រុមជម្រើសជាតិ និងក្រុមបាល់ទាត់នារីជម្រើសជាតិនាពេលខាងមុខ ជាពិសេសបទពិសោធន៍អភិវឌ្ឍន៍បាល់ទាត់កំពូលរបស់ប្រទេសបារាំង។ VFF ក៏ទន្ទឹងរង់ចាំការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងការបង្កើតក្រុមជម្រើសជាតិផងដែរ។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់បារាំង Laura Georges បានទទួលសំណើរ របស់ VFF ហើយនឹងមានការពិភាក្សាក្នុងពេលឆាប់ៗនេះ ដើម្បីមានផែនការជាក់ស្តែងសម្រាប់សកម្មភាពអភិវឌ្ឍន៍ជំនាញនាពេលខាងមុខ។ FFF បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលក្រុមយុវជនវៀតណាមទៅហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិ Claire Fontaine ក៏ដូចជាចូលរួមការប្រកួតយុវជនអន្តរជាតិនៅប្រទេសបារាំងផងដែរ។
ក្នុងការប្រកួតរវាងក្រុមជម្រើសនារីវៀតណាម និងក្រុមជម្រើសនារីបារាំង កាលពីថ្ងៃទី១ ខែកក្កដា ក្រុមនារីបារាំងបានយកឈ្នះក្នុងលទ្ធផល ៧-០។ នៅចំពោះមុខក្រុមខ្លាំងលំដាប់ទី ៣ លើពិភពលោក ក្រុមនារីវៀតណាមបានរៀនសូត្របទពិសោធន៍ជាច្រើន ដោយហេតុនេះ ត្រៀមរៀបចំសម្រាប់ការប្រកួតបាល់ទាត់នារីអាស៊ីអាគ្នេយ៍ឆ្នាំ ២០២២៕