វៀតណាមនិងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo
(VOVWORLD) - បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេស៊ីនហ្សូ ( Abe Shinzo) បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ២៨ ខែសីហា ដោយសារហេតុផលសុខភាព ភ្លាមៗបន្ទាប់មក សារធារណៈមតិនៅលើពិភពលោកបានផ្តោតការយកចិត្តទុកដាក់ទៅលើព្រឹត្តិការណ៍ ដែលត្រូវបានគេចាត់ទុកថាជាការគួរឲ្យភ្ញាក់ផ្អើលសម្រាប់នយោបាយរបស់ជប៉ុនក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញផងដែរ។
នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេស៊ីនហ្សូ ( Abe Shinzo) (រូបថត៖ Bracknell News/VOV) |
នាថ្ងៃទី ២៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ លោកអាបេស៊ីនហ្សូ ត្រូវបានប្រជាជនជប៉ុន ផ្តល់ទំនុកចិត្តក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុន ដោយសារលោកជាថ្នាក់ដឹកនាំដែលបានចូលរួមវិភាគទានជាច្រើនក្នុងការអភិវឌ្ឍ ប្រទេសជប៉ុន និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងតំបន់និងនៅលើពិភពលោកផងដែរ។ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏សំខាន់របស់លោកនាយករដ្ឋមន្រ្តីអាបេស៊ីនហ្សូន ចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម - ជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសុខសន្តិភាព វិបុលភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិផងដែរ។ វៀតណាមជូនពរលោកនាយករដ្ឋមន្រ្តីអាបេស៊ីនហ្សូហ្ស៊ីទទួលបាននូវសុខភាពល្អ បរិបូណ៍ សុភមង្គលនិងបន្តចូលរួមចំណែកដ៏សំខាន់ៗថែមទៀតក្នុងការអភិវឌ្ឍប្រទេសជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន។
ទន្ទឹមនឹងនេះ បណ្តាញសារព័ត៌មានសំខាន់ៗរបស់អាមេរិក ភាគច្រើនបានដកស្រង់ព័ត៌មានអំពីការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន អាបេស៊ីនហ្សូនផងដែរ។ កាសែត New York Times បានឲ្យដឹងថា ទំនាក់ទំនងរវាងលោកអាបេស៊ីនហ្សូ និងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) គឺពិតជាល្អបំផុតក្នុងចំណោមទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត។ ម៉្យាងវិញទៀត រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកប្រទេសជប៉ុន ជាសម្ព័ន្ធមិត្តសំខាន់បំផុតនៅតំបន់អាស៊ី។ ការលាលែងពីតំណែងរបស់លោកអាបេស៊ីនហ្សូន នឹងមានឥទ្ធិពលជាក់លាក់ទៅលើគោលនយោបាយការទូតនៅទ្វីបអាស៊ីរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ។
ក្នុងអំឡុងពេលនេះដែរ វិមានប្រធានាធិបតីកូរ៉េខាតត្បូង ក៏បានចេញសេចក្តីប្រកាសមួយដោយសង្កត់ធ្ងន់ទៅលើការសោកស្តាយចំពោះការលាលែងពីតំណែងរបស់លោកអាបេស៊ីនហ្សូផងដែរ។ ក្នុងនាមជានាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរជាងគេរបស់ជប៉ុន លោកអាបេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តសហប្រតិបត្តិការជាមួយនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីថ្មីរបស់ជប៉ុន ដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។
ទន្ទឹមនឹងនេះដែរ អធិការបតីអាឡឺម៉ង់ លោកស្រី Angela Merkel បានវាយតម្លៃថា លោកអាបេ ជាថ្នាក់ដឹកនាំដែលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការជម្រុញទំនាក់ទំនងពហុភាគីនិយម។ លោកស្រីបានសង្កត់ធ្ងន់ថាក្រុមប្រទេស G7 លោកស្រីនិងលោកនាយករដ្ឋមន្រ្តីជប៉ុនអាបេ តែងតែ “ចែករំលែកគោលការណ៍ នៃគុណតម្លៃរួម” និងធ្វើការប្រកបដោយប្រសិទ្ធភាពផងដែរ៕