វៀតណាមនិងសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន
(VOVWORLD) - បន្ទាប់ពីជំនួបពិភាក្សារវាងប្រធានរដ្ឋវៀតណាមលោក To Lam និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃនេះ នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាសាក្សីក្នុងការប្រគល់ឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។
លោកប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Putin អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំសារព័ត៌មានរួមរបស់ប្រទេសទាំងពីរក្រោយ មក លោកប្រធានរដ្ឋ To Lam បានបញ្ជាក់ថា ភាគីទាំងពីរទើបតែដំណើរការកិច្ចពិភាក្សាប្រកបដោយជោគជ័យ។
“កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាវិស័យសសរស្តម្ភនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរគាំទ្រការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃគម្រោងសំខាន់ៗក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន ជាពិសេសបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការពង្រីកការវិនិយោគ និងប្រតិបត្តិការលើទឹកដីរបស់គ្នាទៅវិញទៅមកស្របតាមច្បាប់នៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលថ្មី និងថាមពលស្អាតនាពេលឆាប់ៗខាងមុខ សំដៅរួមចំណែកដល់ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋវៀតណាម។
រីឯខ្លួនវិញ ប្រធានាធិបតីលោក Vladimir Putin បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong, ប្រធានរដ្ឋលោក To Lam, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រជាជនវៀតណាមចំពោះការស្វាគមន៍យ៉ាងអធឹកអធម និងពោរពេញដោយភាពកក់ក្តៅ ចំពោះរូបលោកផ្ទាល់និងគណប្រតិភូ។ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីតែងតែគោរពចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយទំនាក់ទំនងនេះនឹងបន្តអភិវឌ្ឍន៍ ដោយឥតឈប់ឈរក្នុងស្មារតីសមភាព គោរពគ្នាទៅវិញទៅមក និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ លោកមានប្រសាសន៍ថា៖ “រូបខ្ញុំផ្ទាល់និងលោកប្រធានរដ្ឋបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដោយគាំទ្រគោលការណ៍នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀតណាម។ ក្នុងនោះ កំណត់ទិសដៅថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ កិច្ចពិភាក្សាបានធ្វើឡើងក្នុងបរិយាកាសស្ថាបនា និងខ្លឹមសារ។ ភាគីទាំងពីរបានពិភាក្សាជាពិសេសអំពីទិសដៅអភិវឌ្ឍន៍សំខាន់ៗ។ យើងបានលើកឡើងនូវបញ្ហាសំខាន់បំផុតនៃកិច្ចការអន្តរជាតិ និងតំបន់ ហើយយើងក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ”។
លោកប្រធានាធិបតី Vladimir Putin សង្ឃឹមថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ នឹងរួមចំណែកបង្កើតសន្ទុះសំខាន់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាជួយភាគីទាំងពីរកំណត់ និងឯកភាពលើទិសដៅ និងវិធានការនានា ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕