វៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាជាផ្លូវការនូវ EVFTA និង IPA
(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (IPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ត្រូវបានចុះហត្ថលេខាជាផ្លូវការ ក្រោយ រយៈពេលជិត ១០ ឆ្នាំនៃការចរចា។
វៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាជាផ្លូវការនូវ EVFTA និង IPA |
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមការធ្វើជាសាក្សីរបស់នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc ។ ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmstrom, រដ្ឋមន្ត្រីរ៉ូម៉ានីទទួលបន្ទុកពាណិជ្ជកម្មនិងសហគ្រាស លោក Stefan-Radu Oprea តំណាងឱ្យ EU បានអញ្ជើញចុះហត្ថលេខាលើ EVFTA ផងដែរ។ បច្ចុប្បន្ននេះ ប្រទេសរ៉ូម៉ានី កំពុងកាន់តំណែងប្រធានសហភាពអឺរ៉ុប។ ពីភាគីវៀត ណាម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានតំណាងឲ្យរដ្ឋាភិបាលវៀតណាម ចុះហត្ថលេខាលើ EVFTA ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung នឹងតំណាងសម្រាប់ចុះហត្ថលេខាលើ IPA។
ថ្លែងនៅពិធីចុះហត្ថលេខានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ចំនួនពីរ គឺ EVFTA និង EVIPA លើកនេះ បានបើកទូលាយកិច្ចសហប្រតិបត្តិការពេញលេញនិងខ្លាំងក្លាជាងរបស់វៀតណាមនិងសហភាពអឺរ៉ុប ដែលបំពេញតម្រូវការរបស់ប្រជាជននិងអាជីវកម្មទាំងសងខាង។
EVFTA រួមមាន ១៧ ជំពូក និងពិធីសារចំនួនពីរ រួមទាំងអនុស្សរណៈមួយចំនួន ដែលភ្ជាប់គ្នា (ពាណិជ្ជកម្មទំនិញ សេវាកម្មពាណិជ្ជកម្ម ការវិនិយោគ ការការពារពាណិជ្ជកម្ម ការប្រកួតប្រជែង សហគ្រាសរដ្ឋ ការផ្គត់ផ្គង់របស់រដ្ឋាភិបាល កម្មសិទ្ធិបញ្ញា ជាដើម) គឺជាកិច្ចព្រមព្រៀងពេញលេញមួយនិងធានានូវតុល្យភាពអំពីអត្ថប្រយោជន៍សម្រាប់វៀតណាមនិងសហភាពអឺរ៉ុប ដែលក្នុងនោះបានកត់សម្គាល់ពីភាពខុសគ្នារវាងកម្រិតអភិវឌ្ឍន៍នៃភាគីទាំងពីរ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀង IPA រួមបញ្ចូលនូវបទប្បញ្ញត្តិទំនើប ស្តីពីការការពារវិនិយោគ តាមរយៈប្រព័ន្ធតុលាការថ្មីនៃការវិនិយោគ ខណៈពេលដែលនៅតែធានាថា រដ្ឋាភិបាលនៃភាគីទាំងពីរមានសិទ្ធិ សម្របសម្រួលពីអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ។ កិច្ចព្រមព្រៀង IPA នឹងជំនួសកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន២១ បាន ចុះហត្ថលេខាជាមួយវៀតណាម ដោយអនុវត្តក្របខ័ណ្ឌច្បាប់ថ្មី ដើម្បីធានា ពីផលប្រយោជន៍និងបង្កើនតម្លាភាព។ ចំណែកឯ EVFTA ត្រូវបានចាត់ទុកថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានគុណភាពខ្ពស់និងមានតុល្យភាពអំពីផលប្រយោជន៍សម្រាប់ទាំងសវៀតណាមនិងសហភាពអឺរ៉ុបតែម្តង។ ក្រៅពីអត្ថប្រយោជន៍រួម EVFTA ក៏បង្កើតនូវឱកាសដ៏ធំធេង ពង្កើតកម្លាំងចលករថ្មី សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វៀតណាម ដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃសកលលោកនិងបង្កើនការធ្វើសមាហរណកម្មអន្តរជាតិ។ យោងតាមការវាយតម្លៃថា EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (IPA) ត្រូវបានចុះហត្ថលេខាក្នុងពេលជាមួយគ្នានេះ ជាមួយការប្តេជ្ញាចិត្តចំពោះការគោរពយុត្តិធម៌ ការថែរក្សាស្មើភាព ការការពារសុវត្ថិភាពសម្រាប់វិនិយោគ នឹងរួមចំណែកជាវិជ្ជមានចំពោះការស្ថាបនាផ្នែកច្បាប់និងវិនិយោគប្រកបដោយតម្លាភាព។ ពីពេលនោះ វៀតណាមនឹងទាក់ទាញវិនិយោគិនជាច្រើនមកពីសហភាពអឺរ៉ុប៕