វៀតណាមនិងសហរដ្ឋអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់

(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកឧត្តមសេនីយ៍ To Lam បានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper។ 

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានស្នើឱ្យភាគីអាមេរិកឆាប់បញ្ចប់ដំណើរការពិនិត្យនិងទទួលស្គាល់សេដ្ឋកិច្ចទីផ្សារដល់វៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការពិសេសជាមួយក្រសួងនគរបាលវៀតណាម; ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងរឿងព្រហ្មទណ្ឌ កិច្ចព្រមព្រៀងស្តីពីបត្យាប័ន និងកិច្ចព្រមព្រៀងស្តីពីការផ្ទេរមនុស្សដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ ការងារទាំងនេះគឺដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់រវាងភាគីទាំងពីរ។

វៀតណាមនិងសហរដ្ឋអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper។ រូបថត៖ Viet Cuong/VOV១

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា ស្ថានទូតអាមេរិកនឹងបន្តសម្របសម្រួល និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាពមុខងារនៃក្រសួងនគរបាលវៀតណាម ដើម្បីអនុវត្តន៍ខ្លឹមសារកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ទៅវិញទៅមក ជាពិសេសខ្លឹមសារកិច្ចសហប្រតិបត្តិការដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់ឯកភាព ក្រោមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ