វៀតណាមនិងអ៊ីរ៉ង់បន្តជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (៨-១០) នាថ្ងៃទី ៨ សីហានេះ បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការនៅទីក្រុង Tehran ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបពិភាក្សាជាមួយប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf។
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ qdnd.vn) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអ៊ីរ៉ង់ ដែលជាដៃគូសំខាន់មួយរបស់វៀត ណាមនៅមជ្ឈិមបូព៌ា។ ចំណែកឯប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ក៏បានអះអាងថា រដ្ឋសភា និងប្រជាជនអ៊ីរ៉ង់តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ដែលជាដៃគូសំខាន់របស់អ៊ីរ៉ង់នៅអាស៊ី-ប៉ាស៊ីហ្វិក; ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម-អ៊ីរ៉ង់ ក៏ដូចជារវាងរដ្ឋសភានៃប្រទេសទាំងពីរនឹងមានការវិវឌ្ឍយ៉ាងធំធេងនាពេលខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើវិធានការជាក់ស្តែង ដើម្បីលើកកំពស់ប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ រៀបចំបានល្អសម្រាប់កិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៊ីរ៉ង់ នៅទីក្រុងហាណូយ។
លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពពង្រឹងការតភ្ជាប់រវាងមូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗដើម្បីជ្រាបចូលទីផ្សារប្រទេសផ្សេងទៀត។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពសហការក្នុងការផលិតផលិតផលតាមស្តង់ដារហាឡា។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការគយ និងបន្តយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកវិធានការលោតផ្លោះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាអ៊ីរ៉ង់បានចាត់ទុកថា៖ អង្គភាពអាជីវកម្មអ៊ីរ៉ង់ចាប់អារម្មណ៍លើទីផ្សារវៀតណាមកាន់តែខ្លាំង មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មជាមួយវៀតណាមថែមទៀត; ត្រៀមខ្លួនជាស្រេចក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មនៃភាគីទាំងពីរក្នុងការសហការគ្នាក្នុងការធ្វើអាជីវកម្ម និងការវិនិយោគ។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញប្រធានរដ្ឋសភាអ៊ីរ៉ង់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗខាងមុខ និងអញ្ជើញរដ្ឋសភាអ៊ីរ៉ង់ បញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទសកលនៃសមាជិកសភាវ័យក្មេងលើកទី៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយនាខែកញ្ញាខាងមុខ។
បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភា អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue សារព័ត៌មានអ៊ីរ៉ង់ថ្ងៃនេះបានចុះផ្សាយក្នុងពេលដំណាលគ្នាអំពីព្រឹត្តិការណ៍នេះ ដោយអះអាងថា នេះជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរ ៥០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕