វៀតណាមនិងអាល្លឺម៉ង់បើកកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការចម្រុះនៃសហប្រតិបត្តិការសេដ្ឋកិច្ច
(VOVWORLD) - ក្នុងវិស័យសហប្រតិបត្តិការថាមពល ភាគីទាំងពីរមានបំណងចង់ដំឡើងពីកិច្ចសន្ទនាថាមពលទៅជាភាពជាដៃគូថាមពល ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលនៅវៀតណាម និងអាល្លឺម៉ង់។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang និងរដ្ឋលេខាធិការ BMWK លោក Udo Philipp បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការចម្រុះវៀតណាម-អាល្លឺម៉ង់ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (រូបភាព៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) |
កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអាល្លឺម៉ង់បានប្រព្រឹត្តទៅនាថ្ងៃទី ២៣ កុម្ភៈ នៅទីស្នាក់ការកណ្តាលនៃក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុសហព័ន្ធអាល្លឺម៉ង់ (BMWK) នៅទីក្រុងប៊ែរឡាំង ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម លោកស្រី Phan Thi Thang និងរដ្ឋលេខាធិការ BMWK លោក Udo Philipp។
ទាក់ទិននឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ភាគីអាល្លឺម៉ង់មានបំណងចូលរួមគម្រោងវិនិយោគនៅវៀតណាមលើវិស័យថាមពល ថែទាំសុខភាព និងឌីជីថលនីយកម្ម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យា។ ក្នុងវិស័យសហប្រតិបត្តិការថាមពល ភាគីទាំងពីរមានបំណងចង់ដំឡើងពីកិច្ចសន្ទនាថាមពលទៅជាភាពជាដៃគូថាមពល ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលនៅវៀតណាម និង អាល្លឺម៉ង់។ ក្នុងវិស័យឧស្សាហកម្ម និងការផ្លាស់ប្តូរឌីជីថល ភាគីទាំងពីរមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផលិតរថយន្ត; ការលើកទឹកចិត្តដល់ក្រុមហ៊ុនអាល្លឺម៉ង់ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់នៅវៀតណាម និងបណ្តាក់ ទុនលើវិស័យឧស្សាហកម្មជួយឧបត្ថម្ភ។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរបានផ្តោតលើការពិភាក្សាអំពីដំណោះស្រាយដើម្បីសម្រួលនីតិវិធីរដ្ឋបាល និងដកចេញរបាំងពាណិជ្ជកម្មគ្មានពន្ធ។ វៀតណាមបានស្នើឱ្យអាល្លឺម៉ង់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាមនិង EU (EVIPA) លើកទឹកចិត្តសហគ្រាសអាល្លឺម៉ង់មកបណ្តាក់ទុននៅវៀតណាម ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ការនាំចេញកសិផលនិងជលផលរបស់វៀតណាម ទៅកាន់ទីផ្សារអាល្លឺម៉ង់៕