វៀតណាមនិងអេហ្ស៊ីបខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - អេហ្ស៊ីបតែងតែត្រូវបានចាត់ទុកថាជាទីផ្សារសក្តានុពលសម្រាប់សហគ្រាសវៀតណាម ហើយជាច្រកទ្វារសម្រាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិកទៀតផង។
ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Nguyen Duy Hung |
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នោះ ទំនិញនាំចេញរបស់វៀតណាមចូលក្នុងអេហ្ស៊ីបត្រូវរងផលប៉ះពាល់ ប៉ុន្តែនៅតែរក្សាបានស្ថិរភាព បើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយទំនិញមួយចំនួនមានយថាទស្សន៍មានកំណើនដែរ។ ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Nguyen Duy Hung បានឲ្យដឹងថា បើទោះបីជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលដល់សកម្មភាពដោះដូរពាណិជ្ជកម្មរវាងវៀតណាមនិងអេហ្ស៊ីបក៏ដោយ ប៉ុន្តែបានបើកឱកាសថ្មីជាច្រើនសម្រាប់សហគ្រាសវៀតណាម ដើម្បីពង្រីកនិងបង្កើនទំហំពាណិជ្ជកម្ម និងចំណែកទីផ្សារសម្រាប់ទំនិញសក្តានុពលជាច្រើនដូចជា តែកាហ្វេ អង្ករ ព្រមទាំងជលផល និងតម្បាញកាត់ដេរ។ លោក Nguyen Duy Hung បានអះអាងថា៖
“វៀតណាមនិងអេហ្ស៊ីបអាចដាក់ចេញគោលដៅទទួលទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារអាមេរិកប្រកបដោយចីរភាព ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ប្រសិនបើមានការត្រៀមរៀបចំយ៉ាងល្អ។ ក្រសួង ស្ថាប័នរបស់ភាគីទាំងពីរគប្បីខិតខំប្រឹងប្រែងជំរុញការចុះហត្ថលេខាលើឯកសារនានា សំដៅអនុវត្តន៍មាត្រាមួយចំនួន ក្នុងកិច្ចកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាក៏ដូចជាការបើកចំហរទ្វារទីផ្សារនាំចូលសម្រាប់កសិផលរបស់គ្នាទៅវិញទៅមក។ ក្នុងរយៈពេលវែងខ្ញុំគិតថា យើងត្រូវពិចារណាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងអេហ្ស៊ីប ឬជាមួយប្លុកអារ៉ាប់ផងដែរ”៕