វៀតណាម-នូវែលហ្សេឡង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - នាព្រឹកថ្ងៃទី២២ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានអញ្ជើញធ្វើជាសហអធិបតីនៅក្នុងជំនួបពិភាក្សាការងារកំពូលតាមប្រព័ន្ធវីដេអូរវាងវៀតណាម-នូវែលហ្សេឡង់ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី១៩ មិថុនា ឆ្នាំ១៩៧៥-ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០)។ 
វៀតណាម-នូវែលហ្សេឡង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1ជំនួបពិភាក្សាការងារកំពូលតាមប្រព័ន្ធវីដេអូរវាងវៀតណាម-នូវែលហ្សេឡង់ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី១៩ មិថុនា ឆ្នាំ១៩៧៥-ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០)។  

នាយករដ្ឋមន្រ្តីទាំងពីរបានប្រកាសជាផ្លូវការពីការលើកទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយឡើងភាពជាដៃគូយុទ្ធសាស្ត្រ។

នៅក្នុងជំនួបពិភាក្សានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលជិតពាក់កណ្ដាលសតវត្សកន្លងទៅ ព្រមទាំងស្នើឲ្យប្រទេសទាំងពីរខិតខំប្រឹងប្រែងរក្សាសន្ទុះអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឆ្ពោះទៅការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីចាប់ពីកម្រិតជិត១ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩ឡើងដល់ទៅ២ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញមានប្រសាសន៍ថា៖

“កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាំមកនូវប្រសិទ្ធភាពកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃលើទាំងបញ្ហាតំបន់និងអន្តរជាតិ ជាពិសេសគឺនៅពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ ខណៈដែលនូវែលហ្សេឡង់នឹងធ្វើជាប្រធាន APEC ឆ្នាំ២០២១ ហើយប្រទេសទាំងពីរសុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើនដូចជា CPTPP និង RCEP ជាដើម។ ប្រទេសទាំងពីរមានទស្សនៈរួមនិងផលប្រយោជន៍ស្រដៀងគ្នាក្នុងការគាំទ្រចំពោះលទ្ធិពហុភាគីនិយម និងការរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់និងលើពិភពលោកដោយផ្អែកទៅលើច្បាប់។ ឆ្លងកាត់រយៈពាក់កណ្ដាលសតវត្សមក ទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ផ្ដល់នូវប្រសិទ្ធភាពជាក់ស្ដែងផងដែរ។ នោះគឺមូលដ្ឋានដើម្បីនាថ្ងៃនេះ ក្នុងវេលាដ៏ឱឡារឹកនេះ ខ្ញុំមានកិត្តិយសរួមជាមួយលោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern សូមប្រកាសជាផ្លូវការពីការលើកទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងភាពជាដៃគូយុទ្ធសាស្ត្រ”។

វៀតណាម-នូវែលហ្សេឡង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 2នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ 

ចំណែកឯខ្លួនវិញ លោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងារប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដូចជាក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលកន្លងទៅផងដែរ។ លោកស្រីនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ខ្ញុំជឿជាក់ថា វៀតណាមនិងនូវែលហ្សេឡង់អាចមោទនៈចំពោះកិច្ចសន្ទនាក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមកដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដល់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺវិស័យកសិកម្ម អាកាសធាតុនិងអប់រំ”។

នៅជំនួបពិភាក្សានេះដែរ នាយករដ្ឋមន្រ្តីទាំងពីរបន្តសម្ដែងនូវការព្រួយបារម្ភចំពោះការវិវត្តន៍នានានៅសមុទ្រខាងកើត ព្រមទាំងអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ