វៀតណាមបង្កើនការធ្វើសមាហរណកម្ម CLMV - ឥណ្ឌា

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែឧសភា កិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌា និង បណ្តាប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) (ឥណ្ឌា-CLMV) លើកទី៥  បានបើកនៅរាជធានីភ្នំពេញ (កម្ពុជា)។

 

នេះជាលើកដំបូងដែលកិច្ចប្រជុំពាណិជ្ជកម្ម ឥណ្ឌា-CLMV ត្រូវបានរៀបចំឡើង នៅខាងក្រៅប្រទេសឥណ្ឌា។ កិច្ចប្រជុំឆ្នាំនេះមានប្រធានបទ "ការអភិវឌ្ឍ សេដ្ឋកិច្ច ឥណ្ឌា - CLMV ៖ កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើសមាហរណកម្មតំបន់" ។កិច្ចប្រជុំនេះមានការចូលរួមរបស់ ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោក ហោ ណាំហុង និង ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន និង មូលដ្ឋាននានា រួមទាំង តំណាងសហគ្រាសធំៗជាច្រើននៃប្រទេសជាសមាជិកផងដែរ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung បានអញ្ជើញចូលរួម កិច្ចប្រជុំនេះដែរ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Cao Quoc Hung បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់និងការផ្តល់អាទិភាពរបស់រដ្ឋាភិបាលឥណ្ឌាជូនដល់ បណ្តាប្រទេស CLMV ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាពិសេស ទំនាក់ទំនង សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងឥណ្ឌា និង CLMV សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ លោក Cao Quoc Hung បានឲ្យដឹងថា៖

“ទាំងឥណ្ឌា និង ទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម អាចឆ្លៀតយក ឱកាសប្រើប្រាស់ទីផ្សារនៃភាគីនិមួយៗ ដើម្បីជ្រាបចូលក្នុងទីផ្សារធំជាងនេះទៅ ទៀត។ ប្រសិនបើ ឥណ្ឌាជ្រើសរើស ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជាគោលដៅសម្រាប់ការវិនិយោគ និង នាំចេញទំនិញ សេវាកម្ម នោះ នឹងបើកឱកាសសំរាប់ការបញ្ចូលក្នុងទីផ្សារអាស៊ាន ឬក៏ ទីផ្សារ FTA ផ្សេងៗទៀត ដែល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម ជាសមាជិកផងដែរ។”

កិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌា - CLMV លើកទី ៥ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ២១ និង ថ្ងៃទី២២ ខែឧសភា)។ ខាងក្រៅពីកិច្ចពិភាក្សាជាផ្លូវការទាំងនេះ នៅតែមានកិច្ចពិភាក្សាទ្វេភាគីរវាងឥណ្ឌា និង បណ្តាប្រទេសជាសមាជិក CLMV នីមួយៗ ទៀតផង។

គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងបណ្តាប្រទេស CLMV បានកើន ឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ទំហំពាណិជ្ជកម្មទំនិញរវាង ឥណ្ឌា និង ប្លុក CLMV ទាំងអស់ បានកើនឡើងយ៉ាងខ្លាំងក្លារដោយសម្រេចបាន ១៤.៥  ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ